អាមេរិក៖ លោក Greg Gianforte អភិបាលរដ្ឋ ម៉ុនតាណា (Montana) កាលពីថ្ងៃអាទិត្យទី១៧ឧសភា បានចុះហត្ថលេខាលើច្បាប់ដើម្បីហាមប្រាមក្រុមហ៊ុនបណ្ដាញសង្គម TikTok របស់ចិន មិនឲ្យធ្វើប្រតិបត្តិការនៅក្នុងរដ្ឋនេះ ដែលធ្វើឲ្យក្លាយជារដ្ឋដំបូងរបស់សហរដ្ឋអាមេរិក ក្នុងការហាមប្រាមប្រជាពលរដ្ឋមិនឲ្យប្រើ app វីដេអូកម្សាន្តខ្លីៗដ៏ពេញនិយមមួយនេះ ។
រដ្ឋ ម៉ុនតាណា( Montana) នឹងធ្វើឲ្យបណ្ដាញសង្គមនេះ ខុសច្បាប់សម្រាប់ក្រុមហ៊ុនGoogle និងapp stores របស់ក្រុមហ៊ុនទូរស័ព្ទដៃ Apple ក្នុងការអនុញ្ញាតឲ្យបណ្ដាញសង្គមTikTok ស្ថិតក្នុងដែនអាជីវកម្មរបស់ខ្លួន។ បម្រាមនេះ នឹងចូលធរមាននៅថ្ងៃទី១ខែមករាដើមឆ្នាំ២០២៤។

បណ្ដាញសង្គមផ្ដល់សេវាកម្សាន្ត TikTok ដែលមានអ្នកប្រើប្រាស់ជាជនជាតិអាមេរិក ជាង១៥០លាននាក់ កំពុងប្រឈមនឹងការអំពាវនាវកាន់តែច្រើនឡើង ពីក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក និងក្រុមមន្ត្រីប្រចាំរដ្ឋ ឲ្យមានការហាមប្រាមមិនឲ្យប្រើ app នៅទូទាំងសហរដ្ឋអាមេរិក ដោយសារមានក្ដីបារម្ភពីឥទ្ធិពលខ្លាំងរបស់រដ្ឋាភិបាលចិនលើបណ្ដាញសង្គមមួយនេះ។
កាលពីខែមីនា គណកម្មការមួយរបស់សភាអាមេរិក បានដាក់សម្ពាធឲ្យអគ្គនាយកក្រុមហ៊ុន TikTok លោកឈូ ស្ហូហ្ស៊ឹ (Chew Shou Zi) ថាតើរដ្ឋាភិបាលចិនអាចចូលមើលទិន្នន័យរបស់អ្នកប្រើប្រាស់ ឬ ជះឥទ្ធិពលនូវអ្វីដែលពលរដ្ឋអាមេរិកមើលឃើញនៅលើ app ដែរឬទេ៕