អាមេរិក៖ លោកប្រធានាធិបតី Joe Biden និងសមាជិកសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋលោក Kevin McCarthy កាលពីថ្ងៃពុធ បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការឈានដល់កិច្ចព្រមព្រៀងឆាប់ៗនេះ ដើម្បីដំឡើងការកម្រិតអតិបរិមាបំណុលលើចំនួន ៣១,៤សែនកោដិដុល្លាររបស់រដ្ឋាភិបាលសហព័ន្ធ និងដើម្បីបញ្ចៀសការខកខានសងបំណុល ដែលបង្កមហន្តរាយផ្នែកសេដ្ឋកិច្ច។

បន្ទាប់ពីមានភាពជាប់គាំងអស់រយៈពេលជាច្រើនខែ ប្រធានាធិបតីមកគណបក្សប្រជាធិបតេយ្យ និងប្រធានសភាតំណាងរាស្រ្ត កាលពីថ្ងៃអង្គារ បានយល់ព្រមជួបចរចាគ្នា ដោយផ្ទាល់ស្ដីពីកិច្ចព្រមព្រៀងមួយ។ កិច្ចព្រមព្រៀងនេះ ចាំបាច់ត្រូវតែសម្រេចឲ្យបាន និងអនុម័តដោយសភាទាំងពីរ មុនពេលរដ្ឋាភិបាលសហព័ន្ធ លែងមានសាច់ប្រាក់ ដើម្បីទូទាត់បំណុលរបស់ខ្លួនឲ្យបានឆាប់នៅថ្ងៃទី១ ខែមិថុនា។
លោក Biden បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា៖ «យើងនឹងមកជាមួយគ្នា ព្រោះគ្មានជម្រើសផ្សេងទេ»។ លោកប្រធានាធិបតី បានបន្ថែមថា លោកនឹងកាត់បន្ថយការធ្វើដំណើរទៅកាន់អាស៊ី ហើយត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញ នៅថ្ងៃអាទិត្យ ប៉ុន្តែការពិភាក្សាកម្រិតបុគ្គលិក នឹងបន្តនៅវ៉ាស៊ីនតោន។
គណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសភាដោយសំឡេងភាគច្រើន ២២២ ទល់នឹង២១៣ អស់រយៈពេលជាច្រើនខែមកហើយ បានទទូចឲ្យគណបក្សប្រជាធិបតេយ្យយល់ព្រមកាត់បន្ថយការចំណាយជាថ្នូរនឹងការធានាបានកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនកម្រិតបំណុល ដែលកំហិតដោយសភា។ ការកំណត់នេះ ត្រូវតែលើកឡើងជាប្រចាំ ព្រោះរដ្ឋាភិបាលចំណាយច្រើនជាងការប្រមូលពន្ធបាន៕
