ចិន៖ និយតករផ្នែកប្រឆាំងចារកម្មតាមប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន បាននិយាយថា ប្រទេសចិន បានបង្កើនកិច្ចខិតខំប្រឹងប្រែងបោសសម្អាតព័ត៌មានក្លែងក្លាយ និងពាក្យចរាមអារ៉ាមនៅលើអ៊ីនធឺណិត ដោយបានបិទគណនីតាមអនឡាញជាង១សែនគណនី កាលពីមួយខែកន្លងទៅនេះ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតពីដំណាក់ក្រុមអ្នកអានព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មាននានា។
រដ្ឋបាលប្រឆាំងចារកម្មតាមប្រព័ន្ធបច្ចេកវិទ្យាចិន(CAC) បានបង្កើតយុទ្ធនាការពិសេសមួយដើម្បីសម្អាតព័ត៌មានតាមអនឡាញ ដោយផ្ដោតលើគណនីបណ្ដាញសង្គមដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបំភ្លៃព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋ ជារបៀបលេងសើច។
និយតកររូបនេះ បាននិយាយថា ខ្លួនបានបិទចោលគណនីរបស់អង្គភាពព័ត៌មាននិងអ្នកអានព័ត៌មាន ក្លែងក្លាយចំនួន ១សែន៧ពាន់ករណី និងព័ត៌មានក្លែងក្លាយចំនួន ៨៣៥.០០០ករណី ចាប់តាំងពីថ្ងៃទី៦ខែមេសាមក។
ការសម្អាតនេះ បានធ្វើឡើងខណៈប្រទេសចិន និងបណ្ដាប្រទេសទូទាំងពិភពលោកប្រឹងប្រែងលុបបំបាត់ព័ត៌មានក្លែងក្លាយតាមអនឡាញ ដោយមានការអនុវត្តន៍ច្បាប់ជាច្រើនក្នុងការដាក់ទោសលើពិរុទ្ធជន។
យោងតាមសារព័ត៌មាន Reuters ការផ្សព្វផ្សាយព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងរួចទៅហើយ លើវេទិកាជាច្រើន ដូចជា Weibo ដែលស្រដៀងនឹង Twitter បង្កើតឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ខណៈការត្រួតពិនិត្យលើបញ្ហា ឬឧបទ្ទវហេតុនានា ត្រូវបានចាត់ទុកថាជារឿងរសើបដោយទីក្រុងប៉េកាំង បើទោះបីជាវារីករាលដាលក៏ដោយ៕