រុស្ស៊ី៖ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធនៅក្នុងរបាយការណ៍ថ្មីដែលបានបន្ទោស រុស្ស៊ីនិងចិន សម្រាប់ការផ្តល់ជំនួយដល់យុទ្ធនាការដ៏គ្រោះថ្នាក់របស់យោធាដើម្បីបំបាក់ក្រុមប្រឆាំងរបស់ខ្លួន ថាយោធារបស់សហភាពមីយ៉ាន់ម៉ា បាននាំចូលអាវុធមានតម្លៃយ៉ាងហោចណាស់១ពាន់លានដុល្លារ និងសម្ភារៈផ្សេងទៀតចាប់តាំងពីខ្លួនបានធ្វើរដ្ឋប្រហារក្នុងខែកុម្ភះ ឆ្នាំ២០២១។

ចាប់តាំងពីយោធា ដណ្តើមអំណាច នឹងចាប់ដាក់ពន្ធនាគារនូវមេដឹកនាំលទ្ធិប្រជាធិបតេយ្យ ក្រុមអ្នកប្រឆាំងរបបយោធាមួយចំនួនបានចាប់កាន់អាវុធនៅតាមទីកន្លែងជាច្រើនដែលកំពុងចូលរួមជាមួយក្រុមប៉ះបោជនជាតិភាគតិច ហើយយោធាបានឆ្លើយតបវិញដោយការវាយប្រហារតាមអាកាស និងអាវុធធុនធ្ងន់ រួមទាំងនៅក្នុងតំបន់ជនស៊ីវិលរស់នៅ។ របាយការណ៍ដែលរៀបចំដោយលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធមនុស្សនៅមីយ៉ាន់ម៉ា បាននិយាយថា ឧទ្ធម្ភាគចក្រ Mi-35 យន្តហោះប្រយុទ្ធMIG-29 និងយន្តហោះធុនស្រាល Yak-130 ផលិតនៅរុស្ស៊ី និងយន្តហោះK-8 របស់ចិន ត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីវាយប្រហារតាមអាកាស ដែលបានបាញ់ទៅលើសាលារៀន មណ្ឌលវេជ្ជសាស្ត្រ លំនៅឋាន និងទីតាំងជនស៊ីវិលផ្សេងទៀត។

របាយការណ៍បាននិយាយថា ក្នុងការវាយប្រហារតែមួយលើកទៅលើការជួបជុំ ដែលត្រូវបានរៀបចំដោយអ្នកប្រឆាំងរបបយោធាក្នុងតំបន់ Sagaing កាលពីថ្ងៃទី១១ ខែមេសា គ្រាប់បែក២គ្រាប់បានទម្លាក់ចេញពីយន្តហោះ Yak-130 បណ្តាលឲ្យមនសុ្សយ៉ាងហោចណាស់១៦០នាក់ស្លាប់ ដែលតាមសេចក្តីរាយការណ៍ រួមមានទាំងកុមារ៤០នាក់។
យោធាមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនកំពុងដាក់គោលដៅលើក្រុមប៉ះបោរ ហើយបន្ទាប់ពីការវាយប្រហារនៅតំបន់ Sagaing ពួកគេនិយាយថាជនស៊ីវិលដែលបានស្លាប់ប្រហែលជាអ្នកគាំទ្រក្រុមប្រឆំាង ដែលខ្លួនចាត់ទុកថាជា«ក្រុមភេរវជន»៕