
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធឱ្យធ្វើការចងក្រងទុកជាឯកសាររាល់សកម្មភាព ការអនុវត្តការងារផ្សេងរបស់កម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ ខណៈកាលពីជំងឺនេះរាតត្បាតដំបូងប្រទេសកម្ពុជា ឡាវ និងប្រទេសមានការអភិវឌ្ឍតិចតួចមួយចំនួនទៀតត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួន វាយប្រហារថាមានវិស័យសុខាភិបាលខ្សោយមិនអាចគ្រប់គ្រងការឆ្លងរីករាលដាលជំងឺនេះបាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាង ១ ពាន់នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា
ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ បញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា ក៏បានក្លាយជាកន្លែងសម្រាប់ប្រទេសធំៗមួយចំនួននៅលើពិភពលោក ចុះមកធ្វើការសិក្សាស្រាវជ្រាវលើការអនុវត្តយន្តការសុខាភិបាល ដើម្បីលុបបំបាត់ជំងឺមួយចំនួនដោយជោគជ័យ ក្នុងនោះមានដូចជាជំងឺគ្រុនស្វិតដៃជើងជាដើម ខណៈបច្ចុប្បន្នកម្ពុជាក៏កំពុងអនុវត្តយន្តការដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺមួយចំនួនទៀតឱ្យអស់ពីប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ក៏បានកោតសរសើរដល់និស្សិតពេទ្យ ដែលក្នុងពេលកម្ពុជា ប្រឈមនឹងជំងឺរាតត្បាតកូវីដ-១៩ ក្រុមនិស្សិតពេទ្យ បានស្ម័គ្រចិត្តចូលរួមធ្វើកិច្ចការងារតាមជំនាញរៀងៗខ្លួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺនេះជួយដល់ប្រជាពលរដ្ឋទូទាំងប្រទេសរហូតទទួលបានការប្រសិទ្ធនាមថា «កងទ័ពអាវស»។
គួរបញ្ជាក់ថា ការគ្រប់គ្រងបានដោយជោគជ័យនូវសមរភូមិកូវីដ-១៩ នៅកម្ពុជា និងសមិទ្ធផលដ៏ធំធេងជាច្រើន គឺកើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដោយ រក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម រក្សាកំណើនសេដ្ឋកិច្ច លំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិតាមរយៈនយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់៕ អត្ថបទ៖ វ៉ន ដារ៉ា