ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាទាំងអស់ សូមចូលរួមអបអរសាទរ ជូនចំពោះអត្តពលិកកម្ពុជាទាំងអស់ ដែលបានដណ្តើមមេដាយជូនជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់អត្តពលិកកម្ពុជា ក្នុងការដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣លើកនេះ បានបង្ហាញពិភពលោកទាំងមូលថា ប្រជាជនកម្ពុជាពិតជាបានត្រៀមខ្លួនរួចជាស្រេច និងមានសមត្ថភាពគ្រប់គ្រាន់ ចូលរួមប្រឡូកក្នុងកិច្ចការជាតិ និងអន្តរជាតិ ដោយឈរលើស្មារតី "ខ្មែរធ្វើបាន"។ កម្ពុជាបានបង្ហាញឲ្យពិភពលោកទទួលស្គាល់ថា កីឡាមិនត្រឹមតែជាការដណ្តើមយកឈ្នះចាញ់ប៉ុណ្ណោះទេ តែថែមទាំងបាននាំមកនូវចំណងសាមគ្គីភាពជាតិ និងអន្តរជាតិ ការកោតសរសើរនិងទទួលស្គាល់ព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជាណាចក្រអច្ឆរិយៈ និងស្នាមញញឹមដ៏ស្រស់ប្រឹមប្រិយរបស់ជាតិខ្មែរសម្រាប់ពិភពលោកទាំងមូល តាមរយៈការបើកចំហរបេះដូងទទួលស្វាគមន៍ រាក់ទាក់ ជាមួយបដិសណ្ឋារកិច្ចដ៏ប្រសើរខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិ និងប្រជាជន ជូនចំពោះភ្ញៀវ និងអត្តពលិកអន្តរជាតិ យ៉ាងកក់ក្តៅបំផុត។ នេះសបញ្ជាក់ កម្ពុជា "ប្រទេសតូច បេះដូងធំ" និង "កីឡារស់ក្នុងសន្តិភាព" ពិតប្រាកដមែន។
កម្ពុជាអាចរៀបចំព្រឹត្តការណ៍ស៊ីហ្គេមនេះបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។
ឧត្តមភាពដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការតស៊ូលះបង់ ដើម្បីសង្គ្រោះជាតិនិងប្រជាជន ការកសាងប្រទេសពីបាតដៃទទេរឲ្យមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃ និងការនាំយកសុខសន្តិភាពពេញលេញ តាមរយះនយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យប្រជាជនរស់នៅក្នុងភាពសម្បូរសប្បាយ មានឱកាសគ្រប់គ្រាន់ក្នុងការប្រកបអាជីកម្ម មានសុវត្ថិភាពក្នុងការធ្វើដំណើរពេញផ្ទៃប្រទេស ប្រទេសជាតិមានការរីកចម្រើនរុងរឿង និងជាពិសេស ធ្វើឲ្យពិភពលោកទាំងមូលស្គាល់ច្បាស់ និងកោតស្ញប់ស្ញែងពីសមត្ថភាពប្រជាជន និងប្រទេសកម្ពុជា តាមរយះការរៀបចំព្រឹត្តការណ៍ស៊ីហ្គមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕




