
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអបអរសាទរលទ្ធផលជោគជ័យប្រកបដោយមោទនភាពជាមួយប្រជាពលរដ្ឋនូវទូទាំងប្រទេសកម្ពុជា ចំពោះលទ្ធផលនៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ប្រកបដោយភាពជោគជ័យ ទាំងក្នុងពេលបើក ក្នុងពេលប្រកួតកីឡា និងអំឡុងពេលបិទព្រឹត្តិការណ៍ គឺពុំមានឧបទ្ទវហេតុធ្ងន់ធ្ងរណាមួយកើតឡើងចំពោះប្រជាពលរដ្ឋ ប្រតិភូកីឡា និងក្រុមអត្តពលិកមកពីបណ្ដាប្រទេសនានានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរបែបនេះ នាឱកាសអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាង ១ ពាន់នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានបិទបញ្ចប់ដោយជោគជ័យនៅការប្រកួតស៊ីហ្គេមកាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ហើយក្រុមប្រតិភូកីឡា កីឡាករ កីឡាការិនី ដែលបានមកចូលរួមពីបណ្ដាប្រទេសអាស៊ាននានា ក៏បានត្រលប់ទៅដល់ប្រទេសរបស់ខ្លួនវិញប្រកបដោយសុវត្ថិភាពផងដែរ។ ក្រៅពីនេះ ក៏មានប្រតិភូកីឡា អត្តពលិក និងអ្នកគាំទ្របរទេសតិចតួចបន្តកម្សាន្តនៅតាមតំបន់ទេសចរណ៍មួយចំនួននៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា កម្ពុជាបានធ្វើពិធី បិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកីឡាជាតិ អន្តរជាតិ ប្រតិភូកីឡាទាំង ១១ ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរជាតិមហាជនសរុបប្រមាណជាង ៦ ម៉ឺននាក់។
បន្ទាប់ពីកម្ពុជាបិទបញ្ចប់កាតព្វកិច្ចម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ កម្ពុជាក៏បានប្រគល់ទង់ស៊ីហ្គេមទៅឲ្យព្រះរាជាណាចក្រថៃ ដើម្បីបន្តរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខផងដែរ៕អត្ថបទ៖វ៉ន ដារ៉ា