ភ្នំពេញ៖ ក្រសួងទេសចរណ៍ កំពុងពន្លឿនការសាងសង់អគារសាលាវិជ្ជាជីវៈទេសចរណ៍ ដើម្បីបើកឲ្យសិស្ស និស្សិតបានសិក្សា នៅឆ្នាំ២០២៤ ដែលសាលានេះ នឹងចូលរួម ពង្រឹងជំនាញលើវិស័យទេសចរណ៍ ឲ្យកាន់តែល្អប្រសើរថែមទៀត ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា សាលាបណ្ដុះបណ្ដាលលើវិស័យ ទេសចរណ៍នេះ នៅកម្ពុជា ធ្លាប់មានដែរ ប៉ុន្តែក្នុងកម្រិតតូចៗ ហើយនៅពេលកម្ពុជា សាងសង់សាលានេះ រួចរាល់ នឹងជួយពង្រឹងជំនាញសេវាទេសចរណ៍ផ្សេងៗដល់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មលើវិស័យនេះ ។
ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីបើកឲ្យសិក្សា គឺចាប់ផ្ដើមទទួលសិស្សពីកម្រិតសិក្សាចប់ថ្នាក់ទី៩ នេះវាជាឱកាសសម្រាប់ពលរដ្ឋ ដែលពុំមានលទ្ធភាពឲ្យកូនៗសិក្សាបន្តដល់ចប់ថ្នាក់ទី១២ អាចជំរុញពួកគេឲ្យរៀនជំនាញទេសចរណ៍ក្នុងសាលានេះ ដោយពេលបញ្ចប់ទៅ នឹងអាចមានជំនាញធ្វើការងារ ខណៈកម្ពុជានៅមានការខ្វះខាតច្រើនលើអ្នកមានជំនាញផ្នែកទេសចរណ៍នេះ ។
ឯកឧត្តម ឆាយ ឃុនឡុង នាយកសាលាវិជ្ជាជីវៈទេសចរណ៍ បានលើកឡើងថា បច្ចុប្បន្នក្រសួង ទេសចរណ៍កំពុងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ ចំនួន២ គឺនៅរាជធានីភ្នំពេញ សម្រេចបានជាង ២៥ភាគរយ និងខេត្តព្រះសីហនុ សម្រេចជាង១៦ភាគរយ ។
ឯកឧត្តម បានបន្តថា តាមការគ្រោងទុក អគារសាលានេះ នឹងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំ២០២៤ ហើយជ្រើសរើសឲ្យសិស្សចូលសិក្សានៅឆមាសទី២ ឆ្នាំ២០២៤ ដែលតាមការសិក្សារបស់អ្នក ជំនាញ Mascon Tour នៅឆ្នាំទី១ សាលាគ្រោងបើកថ្នាក់វិញ្ញាបនបត្រជំនាញវិជ្ជាជីវៈ និងជ្រើសរើសយុវជន សិស្ស ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៩ឡើង ប្រមាណ៣០០នាក់ នៅភ្នំពេញ និងនៅខេត្តព្រះ សីហនុ ២០០នាក់ ដោយមានគ្រូបង្រៀនជាតិ និងអន្តរជាតិ ។
គួរបញ្ជាក់ថា មុខជំនាញ ដែលសិស្ស និស្សិត អាចជ្រើសរើសសិក្សាបាន មានចំនួន៤ផ្នែក សំខាន់ៗ ទី១. ផ្នែកសេវាកម្មសណ្ឋាគារ និងសេវាកម្មទេសចរណ៍, ទី២. ផ្នែកសេវាកម្មម្ហូបអាហារ និង ភេសជ្ជៈ, ទី៣. ផ្នែកសេវាកម្មធ្វើដំណើរ និងទី៤. ផ្នែកសេវាទេសចរណ៍ និងផ្ដល់កម្រិតគុណវុឌ្ឍវិជ្ជាជីវៈ ចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់ រៀនរយៈពេល២ឆ្នាំ និងមានវគ្គបណ្ដុះបណ្ដាលបន្ត និងខ្លី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ ៕អត្ថបទ៖ បាន សុខរិទ្ធិ








