ភ្នំពេញ៖ តាមតួលេខក្រុមការងារបដិសណ្ឋារកិច្ចប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៨ ខែឧសភានេះ មានប្រតិភូកីឡា និងអត្តពលិកបណ្តាប្រទេសអាស៊ាន ប្រមាណជាង៥០% នៃចំនួនប្រតិភូ និងអត្តពលិកអាស៊ានសរុប បានធ្វើដំណើរចាកចេញពីកម្ពុជា ត្រឡប់ទៅប្រទេសខ្លួនវិញ ក្រោយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានបិទបញ្ចប់នៅយប់មិញនេះ។
ឧត្តមសេនីយ ដោក សុផាត អនុប្រធានក្រុមការងារបដិសណ្ឋារកិច្ច ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់BTV ថ្ងៃទី១៨ ខែឧសភានេះ បានថ្លែងថា តាមតួលេខប្រតិភូ និងអត្តពលិកអាស៊ាន ដែលត្រូវចាកចេញពីកម្ពុជានៅក្នុងថ្ងៃផ្ទាល់ គឺមានប្រមាណជិត ៦០០នាក់ ហើយនៅសល់ភ្ញៀវកីឡាអាស៊ានជាច្រើនទៀត កំពុងបន្តស្នាក់នៅកម្ពុជា ។
សម្រាប់ប្រតិភូ និងក្រុមអត្តពលិកប្រទេសអាស៊ាន ដែលបានត្រឡប់ទៅប្រទេសខ្លួនវិញ នៅព្រឹកថ្ងៃនេះដែរ បាននាំគ្នាថ្លែងការអរគុណកម្ពុជា ហើយកម្ពុជាបានបង្កើតព្រឹតិ្តការណ៍ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រស៊ីហ្គេមមិនធ្លាប់មាន ធ្វើឲ្យពួកគាត់សាងអនុស្សាវរីយ៍មិនអាចបំភ្លេចបានជាច្រើនជាមួយពលរដ្ឋកម្ពុជា ជាពិសេសនោះ តាមរយៈព្រឹត្តិការណ៍នេះគឺបានធ្វើឲ្យប្រជាជាតិបណ្តាប្រទេសអាស៊ាន មានរួបរួមគ្នា បង្កើនការសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សូមបញ្ជាក់ថា អំឡុងពេលកម្ពុជារៀបចំព្រឹតិ្តការណ៍ ស៊ីហ្គេមលើកទី៣២ គឺមានប្រតិភូកីឡា និងអត្តពលិកអាស៊ានប្រមាណជិត ១១ ០០០ នាក់បានធ្វើដំណើរមកកម្ពុជា ៕អត្ថបទ ស៊ុម សុខជា