បាល់ទាត់៖ មិនមែនជារឿងងាយស្រួលទេសម្រាប់ នេន សុធារដ្ឋ ក្នុងការចាកចេញពីព្រះខ័នរាជស្វាយរៀង ដែលគេបានរួមរស់តាំងពីនៅថ្នាលយុវជន រហូតដល់ក្រុមធំជាច្រើនឆ្នាំ។ គេពិតជាមានអារម្មណ៍ស្ដាយចំពោះស្នាដៃ ដែលធ្លាប់រួមចំណែកពីមុនមក។

យ៉ាងណាការបង្ហាញខ្លួនតិចតួចនៅក្លិបចាស់ក៏ជារឿងលំបាកមួយ អាចរារាំងឱកាសវិលទៅកាន់ក្រុមជម្រើសជាតិ ដែលគេខកខានចូលរួមតាំងពីចប់យុទ្ធនាការ AFF Suzuki Cup ២០១៨។ នេន សុធារដ្ឋ ត្រូវបានដំឡើងចូលក្រុមធំព្រះខ័នរាជស្វាយរៀងក្នុងឆ្នាំ២០១១ មុនផ្ទេរផ្ដាច់ទៅណាហ្គាវើលដ៍ក្នុងរដូវកាល២០២១ នេះ។ រយៈពេល ៩ឆ្នាំនៅស្វាយរៀង គេរួមចំណែកឈ្នះពានរង្វាន់ Metfone Cambodian League ២០១៣ និង២០១៩ ព្រមទាំងជើងឯកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១១, ២០១២, ២០១៥ និង២០១៧។ គេក៏បានរួមចំណែកនាំក្រុមធំជម្រើសជាតិកម្ពុជាឆ្លងដល់វគ្គចែកពូល AFF Suzuki Cup ២០១៦, ២០១៨ និងវគ្គជម្រុះជុំទី២ FIFA World Cup ២០១៨ ជាដើម ព្រមទាំងការប្រកួតសំខាន់ៗមួយចំនួនទៀត៕
អត្ថបទ៖ CNCC