យោងតាមមន្ត្រីប្រទេសទួរគី និងអ៊ុយក្រែន បានឲ្យដឹងថា កិច្ចព្រមព្រៀងមួយ ត្រូវបានធ្វើឡើង ដើម្បីបន្ថែមពេលកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យគ្រាប់ធញ្ញជាតិត្រូវបាននាំចេញពីកំពង់ផែអ៊ុយក្រែន នៅ សមុទ្រខ្មៅ។ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយថាកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបានសម្របសម្រួលដោយទួរគី និងអង្គការសហប្រជាជាតិ នឹងត្រូវបន្ថែមពេល២ខែទៀត។ កិច្ចព្រមព្រៀងនេះត្រូវបានកំណត់ពេលផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ។
លោក Oleksandr Kubrakov រដ្ឋមន្ត្រីសហគមន៍ ដែនដី និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ថអ៊ុយក្រែន បានបញ្ជាក់ថា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ត្រូវបានបន្ថែមពេលរហូតដល់ថ្ងៃទី១៨ ខែកក្កដា នៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម Facebook។ លោក Kubrakov និយាយថា ពិភពលោកនឹងបន្តទទួលបានផលិតផលអ៊ុយក្រែនដោយសារតែកិច្ចប្រឹងប្រែងនៃដៃគូរបស់យើងក្នុងកិច្ចព្រមព្រៀងនេះ មានប្រទេសទួរគី និងអង្គការសហប្រជាជាតិ។
លោកនិយាយថា យើងដឹងគុណចំពោះដៃគូរបស់យើងដែលមានជំហរមិនងាករេ និងយកចិត្តទុកដាក់ខ្ពស់រហូតដល់កិច្ចព្រមព្រៀងនេះបន្តដំណើរទៅមុខស្របតាមលក្ខខណ្ឌដែលត្រូវបានចុះហត្ថលេខាដោយគ្រប់ភាគី។ លោក Kubrakov បានអះអាងថា រុស្ស៊ីកំពុងរឹតត្បិតការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ។ លោកនិយាយថា បច្ចុប្បន្ននាវាជិត៧០គ្រឿង កំពុងរងចាំនៅក្នុងដែនទឹកប្រទេសទួរគី ដែល៩០ភាគរយក្នុងចំណោមនេះ ត្រៀមដឹកជញ្ជូនផលិតផលរបស់កសិកររបស់យើងទៅកាន់ពិភពលោក។ យើងស្វាគមន៍ការបន្តគំនិតផ្តួចផ្តើមនេះ ប៉ុន្តែបានបញ្ជាក់ថាវាត្រូវតែដំណើរការយ៉ាងមានប្រសិទ្ធភាព។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក៏បានបញ្ជាក់ពីការបន្ថែមពេលនេះផងដែរ ទោះបីជាលោកស្រី បាននិយាយថាការរាយការណ៍ខុសក្នុងការអនុវត្តន៍នៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ គួរតែត្រូវបានកែតម្រូវឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។
