យោងតាមអាជ្ញាធរតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៨នាក់បានស្លាប់ដោយទឹកជំនន់ដ៏គំហុក និងលំហូរដីល្បាប់ នៅតំបន់ Emilia Romagna ប្រទេសអ៊ីតាលីភាគខាងជើង ដោយពលរដ្ឋជាង ១៣.០០០នាក់ កំពុងត្រូវបានបង្ខំឲ្យជម្លៀសខ្លួន។
យោងតាមអ្នកចូលរួមក្នុងកិច្ចប្រជុំបន្ទាន់របស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ បានឲ្យដឹងថាមនុស្ស៣នាក់បានស្លាប់ នៅទីក្រុង Forli ម្នាក់ស្លាប់ដោយលំហូរដីល្បាប់ក្នុងតំបន់ Cesenate និងប្តីប្រពន្ធពីរនាក់បានស្លាប់នៅភូមិ Ronta di Cesena ហើយ២នាក់ផ្សេងទៀតបានស្លាប់កាលពីពេលយប់។
ប្រធានប្រចាំតំបន់លោក Stefano Bonaccini និយាយថាមនុស្ស ៣.០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់Bologna ៥.០០០នាក់ចេញពីតំបន់ Faenza និង៥.០០០នាក់ផ្សេងទៀតជម្លៀសចេញពីតំបន់ Ravenna ។
អនុប្រតធានតំបន់ Emilia Romagna លោក Irene Priolo បានប្រាប់អ្នកសារព័ត៌មានថាទឹកភ្លៀងបានថយចុះ ប៉ុន្តែកម្រិតទឹកទន្លេនៅតែកើនឡើង។
តំបន់ ដែលទទួលរងផលប៉ះពាល់គ្រោះរាំងស្ងួតមានរយៈពេលយូមួយនេះ ស្ថិតក្រោមកម្រិតប្រកាសអាសន្នព័ណ៌ក្រហម ជាការព្រមានកម្រិតខ្ពស់បំផុតឬដាក់រដ្ឋក្នុងគ្រាអាសន្ន សម្រាប់ហេតុការណ៍អាកាសធាតុដែលកំពុងគំរាមកំហែងដល់អាយុជីវិត។
