ស្រីលង្កា៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសស្រីលង្កាបានក្លាយជាប្រទេសជិតខាងចុងក្រោយ របស់ប្រទេសឥណ្ឌាដែលបានសម្រេចបិទព្រំដែនរបស់ខ្លួន ជាមួយប្រទេសនៅតំបន់អាស៊ីខាងត្បូងដ៏ធំមួយនេះ ខណៈកំពុងប្រយុទ្ធប្រឆាំងនឹងករណីឆ្លងជំងឺ COVID-19 ដែលកំពុងហក់ឡើងខ្ពស់រាល់ថ្ងៃ។

ប្រទេសបង់ក្លាដែស និងនេប៉ាល់ក៏បានហាមប្រាមការហោះហើរ និងបានព្យាយាមបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសឥណ្ឌាដែរ ជាទីដែលចំនួនករណីឆ្លងបានហក់ឡើងខ្ពស់កាលពី ៣សប្ដាហ៍កន្លងទៅ ដែលនាំឲ្យអ្នកស្លាប់សរុបកើនឡើងដល់ជាង ២៣ម៉ឺននាក់ និងឆ្លងជាង ២១លាននាក់។ ប្រទេសទាំង ៣ នេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងខ្លាំង នៃជំងឺរាតត្បាតសកលកលនៅក្នុងប្រទេសរៀងៗខ្លួនដែរ ដែលក្រុមមេដឹកនាំកាកបាទក្រហមបានហៅថា ជាមហន្តរាយមនុស្សជាតិ។
រដ្ឋាភិបាលស្រីលង្កាបានហាមប្រាមការហោះហើរ ដឹកអ្នកដំណើរមិនឲ្យចូលពីប្រទេសឥណ្ឌា ខណៈប្រទេសនេះបានរាយការណ៍ចំនួនអ្នកស្លាប់ ប្រចាំថ្ងៃខ្ពស់បំផុតចំនួន ១៤នាក់ និងឆ្លង ១,៩៣៩នាក់ក្នុងពេល ២៤ម៉ោង។ ប្រទេសបង់ក្លាដែសបានផ្អាកជើងហោះហើរ អន្តរជាតិទាំងអស់កាលពីថ្ងៃទី១៤ ខែមេសា ដោយសារតែករណីឆ្លងកើនឡើងខ្ពស់ក្នុងប្រទេសរបស់ខ្លួន និងបានបិទព្រំដែនជាមួយឥណ្ឌាកាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅ៕
អត្ថបទ៖ សុខមាន