
ភ្នំពេញ៖ ដើម្បីទុកជាប្រវត្តិសាស្ត្រ និងជានិមិត្តរូបសម្រាប់កូនខ្មែរជំនាន់ក្រោយគណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ នឹងធ្វើការឆ្លាក់នូវទស្សនីភាព និងពាក្យស្លោកនានានៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នៅក្នុងបរិវេណវិមានឈ្នះ ឈ្នះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះ ឈ្នះ បានថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាមនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រោយមានការចង្អុលបង្ហាញពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិកម្ពុជា និងជាប្រធានCAMSOC បានណែនាំឲ្យក្រុមការងារធ្វើការសិក្សាទីកន្លែងសម្រាប់ធ្វើចម្លាក់ទាក់ ទងនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះនៅក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ ដើម្បីទុកជាតឹកតាង អំណាសអំណាងជាប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជាទាំងក្នុងតំបន់ និងអន្តរជាតិនោះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិបាន បញ្ជាក់ទៀតថាគម្រោងនៃការរៀបចំធ្វើចម្លាក់នេះ នឹងធ្វើឡើងនាពេលឆាប់ ហើយនឹងសម្ពោធនៅចុងឆ្នាំ២០២៣នេះចំនឹងខួបទិវានៃនយោបាយឈ្នះ ឈ្នះ លើកទី២៥(២៩ ធ្នូ ឆ្នាំ១៩៩៨-២៩ធ្នូ២០២៣) ដែលជាសមិទ្ធផលសន្តិភាព រហូតដល់នយោនបាយ ឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពរបស់កម្ពុជានោះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានបញ្ជាក់ផងដែរថា ចម្លាក់ដែលក្រសួងការពារជាតិធ្វើការ ឆ្លាក់នោះក្រៅពីអត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនោះ នឹងមានការឆ្លាក់ នូវអត្តពលិកឆ្នើម រួមទាំងកីឡាការិនី ប៊ូ សំណាង ដែលបានឈ្នះអស់បេះដូងប្រជាពលរដ្ឋខ្មែរ ក្រោយពីកី ឡាការិនីរូបនេះបានរត់រាប់ពាន់ម៉ែត្រដោយដល់គោលដៅក្រោមតំណក់ទឹកភ្លៀង បើទោះបីជាកីឡាការិនី រូបនេះពុំបានឈ្នះក្នុងការប្រកួតក៏ដោយនោះ៕អត្ថបទ៖ បាន ចក់




