ភ្នំពេញ៖ ផ្លូវបេតុងថ្មីមួយខ្សែ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ត្រូវបានធ្វើពិធីបើកការដ្ឋានស្ថាបនាជាផ្លូវការណ៍ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ឌី សុខែម អភិបាលរងខណ្ឌមានជ័យ តំណាងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរង លោកចៅសង្កាត់ ផងដែរ ។
លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានអោយដឹងថា ផ្លូវបេតុងដែលកំពុងធ្វើការស្ថាបនានេះ ជាបេតុងគ្មានសសៃដែក ដែលមានប្រវែងសរុប ១០៣៣ម៉ែត្រ មានទទឹង០៥ម៉ែត្រ និងមានកម្រាស់ ០,១៥ម៉ែត្រ ដែលផ្លូវនេះបានរៀបចំប្រព័ន្ធលូបង្ហូរទឹករួចជាស្រេចហើយ មានមុខកាត់១ម៉ែត្រផងដែរ ។ លោកចៅសង្កាត់បន្តថា ផ្លូវបេតុងកំពុងស្ថាបនានៅពេលនេះ មានពលរដ្ឋចំនួន០៣ភូមិរស់នៅជាប់នឹងផ្លូវ គឺភូមិថ្មី ភូមិមានជ័យ និងភូមិមានជ័យ២ ។
លោក ឌី សុខែម អភិបាលរងខណ្ឌមានជ័យ បានលើកឡើងថា ផ្លូវបេតុងមួយខ្សែនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ពលរដ្ឋទូទៅទាំងក្នុងតំបន់ និងក្រៅតំបន់អាចប្រើប្រាស់បានជាប្រយោជន៍រួមទាំងអស់គ្នា ។
លោកអភិបាលរង បន្ថែមថា ដោយពិនិត្យឃើញថា កាលពីពេលមុនផ្លូវមួយខ្សែនេះ ទទួលរងការខូចខាតច្រើន ដោយមានជាចង្ហុកធំៗ ហើយរៀងរាល់ខែភ្លៀងក៏មានទឹកលិចផងដែរ ទើបអាជ្ញាធរមូលដ្ឋានសង្កាត់ខណ្ឌ តាមរយៈគម្រោងមូលនិធិសង្កាត់ បានគិតគូរដាក់ប្រព័ន្ធលូបង្ហូរទឹក និងបើកការស្ថាបនាផ្លូវថ្មីជូនពលរដ្ឋសម្រាប់ប្រើប្រាស់តែម្តង ។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវបេតុងថ្មីដែលកំពុងដំណើរការស្ថាបនាខាងលើនេះ បានបង្ហាញក្តីរំភើប និងអារម្មណ៍សប្បាយរីករាយ ជាមួយនឹងសមិទ្ធផលថ្មីនេះសម្រាប់តំបន់រស់នៅរបស់ពួកគាត់ទាំងអស់គ្នា ខណៈពីពេលមុន ពួកគាត់ថា ផ្លូវនេះ មានសភាពទ្រុឌទ្រោម និងមានទឹកលិចទៀតផងដែរ ។
ពលរដ្ឋ បង្ហាញថា នៅពេលមានផ្លូវបេតុងថ្មីហើយនោះ ពួកគាត់អាចជិះម៉ូតូ ឬរថយន្តធ្វើដំណើរឆ្លងកាត់បានយ៉ាងងាយស្រួល ពិសេសនោះពួកគាត់ក៏អាចប្រើប្រាស់ផ្លូវសម្រាប់ការដើរធ្វើលំហាត់ប្រាណបាន នៅរៀងរាល់ព្រឹក ឬក៏វេលាល្ងាចឡើងជាដើម ៕







