
ហ្វូងអ្នកគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាកាលពីថ្ងៃពុធ (១៧ ឧសភា) បានរាំរែកយ៉ាងសប្បាយរីករាយនៅមុខសាលាក្រុងប៉ារីសដែលតុបតែងដោយទង់ឥន្ទធនូ ដើម្បីអបអរសាទរខួបលើកទី ១០ នៃការផ្ដល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសនេះ។
មនុស្សរាប់រយនាក់ រួមទាំងគូស្នេហ៍ភេទដូចគ្នាជាច្រើននាក់ បានស្រែកហ៊ោកញ្ជ្រៀវនៅកណ្តាលទីក្រុងប៉ារីស ដើម្បីប្រារព្ធទិវាមួយដែលមនុស្សជាច្រើនបាននិយាយថា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ។
គូស្នេហ៍ស្រឡាញ់ភេទដូចគ្នាមួយគូគឺ Isabelle Scharff និង Catherine Pommier មកពីទីក្រុងប៉ារីស បានរួមរស់ជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំ ហើយនៅទីបំផុតពួកគេក៏អាចរៀបការបានក្នុងឆ្នាំ ២០១៣។
ប្រទេសបារាំងបានអនុម័តច្បាប់មួយដែលផ្តល់សិទ្ធិឱ្យអ្នកស្រឡាញ់ភេទដូចគ្នាមានសិទ្ធិរៀបការនិងទទួលយកកូនទៅចិញ្ចឹមរួមគ្នានៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៣ ដោយក្លាយជាប្រទេសទី១៣ នៅលើងពិភពលោកដែលផ្ដល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា។ អាពាហ៍ពិពាហ៍ភេទដូចគ្នាលើកដំបូងនៅប្រទេសបារាំង បានធ្វើឡើងនៅទីក្រុង Montpellier នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៣៕
