
ឧត្តមសេនីយ៍យោធាជាន់ខ្ពស់ហ្វីលីពីន លោក Andres Centino កាលពីថ្ងៃពុធ (ទី១៧ ឧសភា) បានចុះទៅសួរសុខទុក្ខក្រុមទាហានជើងទឹកមួយក្រុមតូច ដែលត្រូវបានដាក់ពង្រាយនៅកោះដាច់ស្រយាលមួយ ក្នុងខេត្ត Palawan ក្បែរប្រជុំកោះស្ព្រាតលី (Spratly) ដែលមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ខណៈលោកនិយាយបញ្ជាក់ពីសារៈសំខាន់ សម្រាប់សកម្មភាពតាមដានរបស់ទីតាំងក្នុងតំបន់។
លោក Centino បានប្រាប់អ្នកសារព័ត៌មានថា៖ «ក្រុមនៃកោះនេះ គឺជាកន្លែង ដែលនាវានានាមកពីខាងក្រៅដែនទឹកអន្តរជាតិឆ្លងកាត់ ដើម្បីចូលចត។ នេះក៏ជាកន្លែងដែលពួកគេឆ្លងកាត់ ដើម្បីទៅកាន់ផ្នែកម្ខាងនៃមហាសមុទ្រប៉ាស៊ីហ្វិក។ វាជារឿងសំខាន់ណាស់ ដែលយើងអាចតាមដាន និងអង្កេតមើលថា អ្នកណាចូល និងចេញ»។
ដំណើរទស្សនកិច្ចរបស់លោក Centino នៅស្ថានីយ៍កងទ័ពជើងទឹក Narciso del Rosario ដែលជាទីតាំងនៃផ្លូវឆ្នេរថ្មី និងកន្លែងឈរជើងនេះ គឺជាកន្លែងឈប់សំចតទីពីររបស់លោក នៅលើក្រុមកោះ Balabac ដែលនៅទីនោះ លោកក៏បានត្រួតពិនិត្យមូលដ្ឋានទ័ពអាកាសហ្វីលីពីនទំហំ ៣០០ហិកតាផងដែរ។
ទីក្រុងម៉ានីល បានចាប់ផ្តើមសាងសង់ផ្លូវយន្តហោះចុះប្រវែង ៣គីឡូម៉ែត្រ នៅមូលដ្ឋានទ័ពអាកាស ដែលនឹងរៀបចំផងដែរនូវជំនួយមនុស្សធម៌ និងកន្លែងសង្គ្រោះគ្រោះមហន្តរាយ ហើយនិងជាបន្ទាយដែលជនជាតិអាមេរិក អាចប្រើប្រាស់បានក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA)។
ប្រទេសចិនអះអាងសិទ្ធិអធិបតេយ្យភាពស្ទើរតែស្រុងនៅសមុទ្រចិនខាងត្បូងទាំងមូលជាមួយនឹង «ខ្សែបន្ទាត់ប្រាំបួន» នៅលើផែនទី ដែលលាតសន្ធឹងជាង ១.៥០០ គីឡូម៉ែត្រពីដីគោករបស់ខ្លួន និងកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ សេចក្តីសម្រេចរបស់តុលាការមជ្ឈត្តកម្មអន្តរជាតិ ក្នុងឆ្នាំ២០១៦ បានច្រានចោលខ្សែបន្ទាត់នោះថា មិនមានមូលដ្ឋានខាងផ្លូវច្បាប់៕
