
មន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សម្នាក់ស្លាប់ ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើអគារឧស្សាហកម្មមួយកន្លែងក្នុងទីក្រុង Odesa ប្រទេសអ៊ុយក្រែនភាគខាងត្បូង ខណៈមានធ្លាក់កម្ទេចកម្ទីអំឡុងការវាយឆ្មក់តាមអាកាសបង្កឲ្យមានអគ្គីភ័យ២កន្លែងក្នុងសង្កាត់ភាគខាងកើតទីក្រុងគីវ។
អ្នកនាំពាក្យរដ្ឋបាលយោធា លោក Serhiy Bratchuk បានសរសេរនៅលើបណ្តាញតេឡេក្រាមថា មនុស្ស២នាក់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហារនៅទីក្រុង Odesa។
អភិបាលក្រុងគីវ លោក Vitaly Klitschko បានសរសេរនៅលើបណ្តាញតេឡេក្រាមថា អគ្គិភ័យមួយបានផ្ទុះឡើងនៅទីតាំងយានដ្ឋានមួយកន្លែងក្នុងតំបន់ Darnitsya របស់រដ្ឋធានី។
កម្ទេចកម្ទី ក៏បានធ្លាក់មកលើតំបន់Dnipro រដ្ឋធានីគីវ ប៉ុន្តែលោកនិយាយថា ពុំមានអ្នកស្លាប់ឬរងរបួសពីឧបត្តិហេតុទាំងពីរនោះទេ។
ប្រធានរដ្ឋបាលយោធាទីក្រុងគីវ លោក Serhiy Popko បាននិយាយលើបណ្តាញតេឡេក្រាមថា អគ្គិភ័យមួយបានផ្ទុះឡើងនៅទីតាំងគ្មានពលរដ្ឋរស់នៅក្នុងសង្កាត់ Desnyansky នៅខាងកើតរដ្ឋធានី ប៉ុន្តែលោកពុំបានផ្តល់ព័ត៌មានពីការស្លាប់ឬរងរបួសនោះទេ។
លោក Popko និយាយថា ទីក្រុងគីវត្រូវបានវាយប្រហារដោយមីស៊ីលតម្រង់គោលដៅ ហើយមីស៊ីលទាំងនោះ ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស៕