
នៅឱសថស្ថានរបស់ខ្លួនស្ថិតក្នុងទីក្រុងដាម៉ាស់ ប្រទេសស៊ីរី លោក Issam Odah ប្រើសត្វឃ្មុំឲ្យទិចអ្នកជំងឺ ដើម្បីព្យាបាលតាមបែបធម្មជាតិសម្រាប់ករណីជំងឺជាច្រើនមុខ។ លោក Odah ដែលកាលពីមុនធ្លាប់ជាពេទ្យសត្វនោះ បានចាប់ផ្តើមវិធីព្យាបាលពិសបង្ក្រាបពិសបែបនេះកាលពីឆ្នាំ ២០១៥ ក្រោយការស្រាវជ្រាវយ៉ាងយូរពីពិសឃ្មុំ និងអត្ថប្រយោជន៍របស់វាចំពោះជំងឺជាច្រើនមុខ
វិធីព្យាបាលពិសបង្ក្រាបពិសដោយប្រើប្រាស់ផលិតផលសំបុក្រឃ្មុំ ជាទូទៅត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃឱសថបុរាណ ឬជាឱសថជំនួស ហើយវាត្រូវបានគេប្រើប្រាស់រាប់សតវត្សរ៍មកហើយនៅជុំវិញពិភពលោក
លោក Odah និយាយថា លោកប្រើប្រាស់វាដើម្បីព្យាបាលជំងឺក្រិនស្បែកជាច្រើមមុខ បញ្ហាស្បែក ការរលាកសរសៃប្រសាទ និងឈឺសន្លាក់ឆ្អឹង នៅក្នុងចំណោមស្ថានភាពជំងឺផ្សេងៗទៀត
លោកបន្តថា ជាមួយនឹងករណីព្យាបាលដដែល ពួកយើងបានមើលឃើញអ្នកជំងឺយ៉ាងច្រើនមកព្យាបាល ដែលធ្វើឲ្យពួកយើងពង្រីកឱសថស្ថាន និងបំបែកសាខាទៅកាន់កន្លែងផ្សេងទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មនុស្ស
ពេលដែលលោក Odah ចាប់ផ្តើមគម្រោងរបស់លោក លោកមានតែសំបុក្រឃ្មុំ ២បង្គងប៉ុណ្ណោះ ហើយនិងមានអ្នកជំងឺតិចតួចបំផុត ។ បច្ចុប្បន្នលោកមានសំបុក្រឃ្មុំប្រហែល ២០០បង្គង និងបានទាក់ទាញអ្នកជំងឺរាប់ពាន់នាក់ ។
អ្នកជំនាញសត្វឃ្មុំ ពន្យល់ថា ការចំណាយពេលព្យាបាលជាមួយលោក Odah ដែលរួមមានការឲ្យឃ្មុំទិចពី ៨ទៅ ១០ទ្រនិច ហើយចំណាយប្រាក់អស់តែ ១.១ដុល្លារនោះ មានតម្លៃថោក ប៉ុន្តែវាចំណេញច្រើន៕
