ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក SONG Yonggun (សុង យ៉ុងហ្គឺន) ប្រធានថ្មីប្រចាំនៅកម្ពុជា របស់អង្គការមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ (Korea Foundation for International Healthcare - KOFIH) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល លោកទើបទទួលបានការតែងតាំងជាប្រធានថ្មីប្រចាំនៅកម្ពុជា, នាទីស្តីការក្រសួង រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។
ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានសំដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះលោកប្រធានអង្គការមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ (Korea Foundation for International Healthcare - KOFIH) ដែលទទួលលបានការតែងតាំងថ្មី។ លោកជំទាវរដ្ឋលេខាធិការ ប្រចាំការ បានគូសរំលេចថា អង្គការ KOFIH បានសហការគាំទ្រ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា សម្រាប់គម្រោងកម្មវិធីសំណុំសមាហរណកម្មសេវាសុខភាពមាតា និងទារក ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន និងពង្រីកបន្ថែមគម្រោងមួយចំនួនទៀតដូចជា កម្មវិធីឆ្លើយតបបន្ទាន់សម្រាប់សុខភាព កម្មវិធីពង្រឹងសមត្ថភាពការផ្តល់សេវា EmONC កម្មវិធីធ្វើឱ្យប្រសើរឡើងគុណភាពសេវា តាមរយៈការពង្រឹងនិងគ្រប់គ្រងជំងឺមិនឆ្លង កម្មវិធីពង្រឹងសមត្ថភាពសម្រាប់សេវាថែទំាទារកទើបនឹងកើត។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានបន្ថែមថា កិច្ចសហប្រតិបត្តិការរបស់អង្គការ KOFIH ពិតជាបានរួមចំណែកពង្រឹងគុណភាពសេវាថែទាំសុខភាព ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្គត់ផ្គង់សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងការរៀបចំប្រព័ន្ធតាមដានជំងឺជាដើម សំដៅកាត់បន្ថយអត្រាមរណភាព មាតា ទារក និងកុមារ ស្របតាមផែនការយុទ្ធសាស្ត្រ សុខាភិបាល និងបានរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីឈានទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះដែរលោក SONG Yonggun ប្រធានថ្មីប្រចាំនៅកម្ពុជារបស់អង្គការ KOFIH បានថ្លែងអំណរគុណជូនចំពោះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ និងក្រសួងសុខាភិបាល ដែលតែងតែគាំទ្រ និងសហការយ៉ាងជិតស្និតជាមួយអង្គការ KOFIH ក្នុងការបំពេញបេសកកម្មរបស់ខ្លួនក្នុងខេត្តទាំងបីនេះ។ លោកប្រធានអង្គការ ក៏បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិសយសុខាភិបាលបន្ថែមទៀត។
ជាចុងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជន សាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOFIH ដែលបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ឱ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ន ក្នុងស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕ ដោយ ៖ រដ្ឋា








