
នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដំណើរទៅដល់ប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7នៅទីក្រុង Hiroshima ស្របពេលមហិច្ឆិតាយោធា និងសេដ្ឋកិច្ចកើនឡើងរបស់ចិន ។
លោក Biden បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Iwakuniនៅពេលរសៀលក្នុងស្ថានភាពមានភ្លៀងធ្លាក់ និងបានស្វាគមន៍ពលរដ្ឋនៅលើទីលានអាកាសយានដ្ឋាន ។
គួរឲ្យដឹងថា កិច្ចប្រជុំកំពូលក្រុមប្រទេស G7នឹងធ្វើឡើង ចាប់ពីថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យ ហើយលោក Bidenនឹងជួបសំណេះសំណាលជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ផងដែរនៅថ្ងៃព្រហស្បតិ៍នេះ ។
ដំណើរទស្សនកិច្ចដែលគ្រោងនឹងមានរយៈពេល ៨ថ្ងៃនេះ ត្រូវបានកាត់បន្ថយមកនៅពាក់កណ្តាលវិញ ក្នុងនោះការឈប់សំចត ២លើកក្នុងចំណោម ៣លើករបស់លោក Biden ត្រូវបានលុបចោលដើម្បីឲ្យលោកអាចវិលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីងតោនវិញ សម្រាប់កិច្ចចរចាលើការបង្កើនបំណុលសហរដ្ឋអាមេរិក ។ សល់តែការឈប់សំចតតែមួយគត់នៅក្នុងប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេស G7 លោក Bidenនឹងព្យាយាមបញ្ចុះបញ្ចូលក្រុមមេដឹកនាំសេដ្ឋកិច្ចធំបំផុតមួយចំនួនឲ្យរួបរួមប្តេជ្ញាចិត្តប្រឈមនឹងឥទ្ធិពលកើនឡើងរបស់ទីក្រុងប៉េកាំង ៕