
ប្រទេសឥណ្ឌាបានបង្កើនសន្តិសុខនៅក្នុងតំបន់ចាំម៉ូ និងកាស្មៀរ ដោយសារតែការកើនឡើងនៃការវាយប្រហារដោយពួកសកម្មប្រយុទ្ធនៅក្នុងដំណើរការរហូតដល់កិច្ចប្រជុំក្រុមប្រទេសទាំង២០ (G20) ស្តីពីទេសចរណ៍នៅក្នុងតំបន់ភ្នំហិមាល័យ។
ទីក្រុងស្រីណាហ្គា ដែលជារដ្ឋធានីរដូវក្តៅនៃទឹកដីសហព័ន្ធគ្រោងនឹងរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍នៃសមាជិកក្រុមប្រទេសទាំង២០ (G20) នៅថ្ងៃទី ២២ ដល់២៤ ខែឧសភា ដែលជាផ្នែកនៃកិច្ចប្រជុំជាបន្តបន្ទាប់មុនកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលីក្នុងខែកញ្ញា។
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមបានបង្កើនការវាយប្រហារនៅឆ្នាំនេះក្នុងតំបន់ចាំម៉ូ ឆ្លងកាត់ភ្នំពីជ្រលងនៃតំបន់កាស្មៀរ ជាទីតាំងរបស់ទីក្រុងស្រីណាហ្គា។ ទាហាន១០នាក់ និងជនស៊ីវិល៧នាក់បានស្លាប់ក្នុងការវាយប្រហារ៤លើកក្នុងទីក្រុងចាំម៉ូនៅឆ្នាំនេះ។
ក្រុមមន្ត្រីសន្តិសុខបាននិយាយថា ពួកគេបារម្ភថាពួកសកម្មប្រយុទ្ធចលនាបំបែកខ្លួន អាចព្យាយាមផ្សព្វផ្សាយបុព្វហេតុរបស់ពួកគេដោយការវាយប្រហារមុនឬអំឡុងពេលកិច្ចប្រជុំ G20។
ទីក្រុងស្រីណាហ្គា គឺជាចំណុចកណ្តាលនៃការបះបោរដោយពួកសកម្មប្រយុទ្ធមូស្លីមប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាចាប់តាំងពីឆ្នាំ ១៩៨៩មក ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ទោះបីជាអំពើហិង្សាត្រូវបានកាត់បន្ថយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។
ឥណ្ឌាស្តីបន្ទោសប្រទេសប៉ាគីស្ថានចំពោះការគាំទ្រក្រុមបះបោរអ៊ីស្លាម។ ប៉ុន្តែប៉ាគីស្ថានបដិសេធរឿងនោះ ហើយចោទឥណ្ឌាថាបានរំលោភសិទ្ធិប្រជាជនអ៊ីស្លាមនៅតំបន់កាស្មៀរ។ ចំណែកប្រទេសឥណ្ឌាក៏បានបដិសេធការចោទប្រកាន់នោះដែរ៕