
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានជួបប្រជុំទ្វេភាគីជាមួយសមភាគីអ៊ីតាលីលោកស្រី Giorgia Meloni នៅថ្ងៃព្រហស្បតិ៍ (១៨ ឧសភា)នេះ មួយថ្ងៃមុនពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំក្រុមប្រទេសទាំង៧ (G7) ចាប់ផ្តើមនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។
នៅក្នុងជំនួបនោះ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រឹងទំនាក់ទំនងរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ ខណៈដែលអ៊ីតាលីនឹងទទួលកាន់តំណែងជាប្រធានកិច្ចប្រជុំ G7 ពីប្រទេសជប៉ុននៅឆ្នាំ ២០២៤។
លោក Kishida ក៏បានសម្តែងការសោកស្ដាយផងដែរ បន្ទាប់ពីភ្លៀងធ្លាក់ដ៏ខ្លាំងនាពេលថ្មីៗនេះបានវាយលុកតំបន់ Emilia-Romagna ភាគខាងជើងនៃប្រទេសអ៊ីតាលី ជាទីដែលមនុស្ស ៩ នាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ។
លោកស្រី Meloni បានទៅដល់ទីក្រុងហ៊ីរ៉ូស៊ីម៉ានៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយនឹងចូលរួមកិច្ចប្រជុំកំពូល G7 រយៈពេលបីថ្ងៃជាមួយមេដឹកនាំផ្សេងទៀតចាប់ពីថ្ងៃសុក្រ (១៩ ឧសភា) តទៅ៕