អាមេរិក៖ ការសិក្សាមួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃព្រសហ្បតិ៍ បានរកឃើញថា ជាងពាក់កណ្ដាលនៃបឹងធំៗនិងអាងស្តុកទឹករបស់ពិភពលោក បានរីងហួត ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក មូលហេតុសំខាន់គឺដោយសារ បម្រែបម្រួលអាកាសធាតុ ដែលនាំឲ្យមានក្ដីបារម្ភ ចេះតែកើនឡើងអំពីទឹក សម្រាប់ធ្វើកសិកម្ម វារីអគ្គិសនី និងតម្រូវការប្រើប្រាស់របស់មនុស្ស ។
អ្នកស្រាវជ្រាវអន្តរជាតិមួយក្រុម បានរាយការណ៍ថា ប្រភពទឹកសាបសំខាន់បំផុតជាច្រើនរបស់ពិភពលោក មកពីសមុទ្រ កាសព្យែន( Caspian Sea) រវាងតំបន់អឺរ៉ុប និងអាស៊ី រហូតទៅដល់បឹង Titicaca របស់អាមេរិកខាងត្បូង បានបាត់បង់ទឹកក្នុងអត្រាកើនឡើង ប្រហែល២២ជីហ្គាតោន ក្នុងមួយឆ្នាំរយៈពេលជិត៣ទសវត្សរ៍ ។

ចំនួននេះប្រហែល១៧ ដងនៃបឹង Mead ដែលជាអាងស្តុកទឹកធំបំផុតរបស់សហរដ្ឋអាមេរិក។
លោក ហា្វង ហ្វាង យ៉ូវ (Fangfang Yao)ធារាសាស្ត្រវិទូ នៅសាកលវិទ្យាល័យ Virginiaសហរដ្ឋអាមេរិក ដែលបានដឹកនាំការសិក្សានេះ បានចេញផ្សាយនៅក្នុងទស្សនាវិទ្យាសាស្ត្រ ដោយនិយាយថា ៥៦% នៃការរីងហួតក្នុងបឹងធម្មជាតិ ត្រូវបានបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ និងការប្រើប្រាស់របស់មនុស្ស ដោយព្រមានពីការរីងហួតកាន់តែធ្ងន់ធ្ងរថែមទៀត។
ក្រុមអ្នកវិទ្យាសាស្ត្របានវាយតម្លៃបឹងធំៗជិត ២.០០០កន្លែង ដោយប្រើការវាស់វែងពីផ្កាយរណប រួមជាមួយនឹងគំរូអាកាសធាតុ និងជលសាស្ត្រ៕