អាមេរិក៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris និងទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Lael Brainard បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការខកខានមិនសងបំណុលរបស់សហរដ្ឋអាមេរិកចំនួន៣១,៤សែនកោដិដុល្លារ នឹងរុញឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចូលក្នុងឱនភាព។ ក្នុងការអំពាវនាវតាម រយៈសន្និសីទសារព័ត៌មាន សម្រាប់សកម្មជនលទ្ធិប្រជាធិបតេយ្យ លោកស្រី Harris និងលោក Brainard បានទទូចឲ្យពួកគេទាក់ទងជាមួយសមាជិកសភាដើម្បីបង្ហាញការប្រឆាំងចំពោះការខកខានមិនសងបំណុល ដែលអាចមានរយៈពេលមិនដល់២សប្តាហ៍ទៀតនេះ។

លោកស្រីHarris បានប្រើប្រាស់ការអំពាវនាវដើម្បីបន្តផ្តោតសំខាន់លើការខកខានសងបំណុលដែលជិតចូលមកដល់ ខណៈប្រធានាធិបតី លោក Joe Biden ចំណាយពេលពីរបីថ្ងៃខាងមុខនៅក្នុងប្រទេសជប៉ុនចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬG7 របស់មេដឹកនាំពិភពលោក។ លោកស្រីនិយាយថាការខកខានសងបំណុលអាចបង្កឲ្យមានឱនភាព។ ក្រុមអ្នកចរចានៅសេតវិមាន និងសមាជិកគណបក្សសាធារណៈរដ្ឋនៅសភា បានជួបប្រជុំគ្នាម្តងទៀតនៅ វិមាន Capitol Hill ដើម្បីពិភាក្សាពីការស្វែងរកមូលដ្ឋានរួមលើការបង្កើនអតិបរមាបំណុលលើចំនួន៣១,៤សែនកោដិដុល្លារ និងផែនការជួបប្រជុំគ្នាម្តងទៀតនៅថ្ងៃសុក្រនេះ។ លោក Brainard នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិសេតវិមាន និយាយថា ក្រុមចរចារបស់លោក Biden ត្រូវបានណែនាំមិនឲ្យយល់ស្របចំពោះសំណើរបស់គណបក្សសាធារណៈរដ្ឋណាមួយលើការបង្កើនកម្រិតអតិបរមាបំណុល ដែលនឹងដកចេញកម្មវិធីថែទាំសុខភាពពីប្រជាជនអាមេរិក ឬជំរុញឲ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រ។

សមាជិកគណបក្សសាធារណៈរដ្ឋ ដែលកំពុងគំរាមដើម្បីឲ្យមានការខកខានសងបំណុល កំពុងព្យាយាមបញ្ចុះបញ្ចូលសមាជិកគណបក្សសាធារណៈរដ្ឋឲ្យទទួលយកតម្រូវការការងារកាន់តែតឹងតែងសម្រាប់កម្មវិធីផ្តល់ជំនួយសហព័ន្ធ ព្រមទាំងកាត់បន្ថយការចំណាយ ជាការដោះដូរនឹងការដកបម្រាមខ្ចីប្រាក់៕