អាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយមុនកិច្ចប្រជុំកំពុល G7 ក្នុងប្រទេសជប៉ុនថា សហរដ្ឋអាមេរិក និងក្រុមប្រទេសមានឧស្សាកម្មរីកលូតលាស់ទាំង៧ ឬG7 នឹងបង្ហាញវិធានការទណ្ឌកម្មថ្មី និងការគ្រប់គ្រងការនាំចេញដាក់គោលដៅលើប្រទេសរុស្ស៊ី ជុំវិញសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន។

មេដឹកនាំប្រទេសG7 កំពុងជួបប្រជុំគ្នាក្នុងទីក្រុង Hiroshima នៅថ្ងៃសុក្រនេះ ដោយបញ្ហានៃការវាយលុកលើអ៊ុយក្រែន ដែលបច្ចុប្បន្នចូលដល់ឆ្នាំទី២របស់ខ្លួនស្ថិតនៅលើរបៀបវារៈលើគេ។
សហរដ្ឋអាមេរិក បានដឹកនាំការដាក់ទណ្ឌកម្មតឹងតែងលើក្រុមហ៊ុន ធនាគារ និងបុគ្គលជនជាតិរុស្ស៊ី ហើយសេចក្តីប្រកាសដែលនឹងធ្វើឡើង ត្រូវបានរៀបចំដើម្បីបញ្ជាក់ជាថ្មីនូវដំណោះស្រាយរបស់ប្រទេសមហាអំណាចពិភពលោក ដើម្បីគាំទ្រអ៊ុយក្រែន ហើយដាក់សម្ពាធលើទីក្រុងមូស្គូ។

មន្ត្រីអាមេរិក ដែលបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ មុនកិច្ចប្រជុំនោះ បាននិយាយថា កិច្ចប្រឹងប្រែងចុងក្រោយរបស់ក្រុមប្រទេសG7 មានបំណងបង្អាក់សមត្ថភាពរបស់រុស្ស៊ីកុំឲ្យទទួលបានយុទ្ធោបករណ៍ដែលប្រទេសនេះត្រូវការសម្រាប់ការប្រយុទ្ធនៅសមរភូមិ មធ្យោបាយដែលត្រូវបានប្រើប្រាស់ដើម្បីបញ្ចៀសទណ្ឌកម្ម កាត់បន្ថយបន្ថែមទៀតការពឹងផ្អែកជាអន្តរជាតិលើថាមពលរុស្ស៊ី និងរឹតត្បិតដំណើរការរបស់ទីក្រុងមូស្គូចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងសហភាពអឺរ៉ុប និងចក្រផពអង់គ្លេស បានបន្តបង្កើនការដាក់ទណ្ឌកម្ម និងការដាក់សម្ពាធគ្រប់គ្រងការនាំចេញលើប្រទេសរុស្ស៊ី ចាប់តាំងពីការវាយលុកលើអ៊ុយក្រែនដែលបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២។ គោលដៅរាប់ពាន់ដែលរងដោយទណ្ឌកម្មពីទីក្រុងវ៉ា ស៊ីនតោន រហូតមកដល់ពេលនេះរួមមានទាំងប្រធានាធិបតីលោក Vladimir Putin វិស័យហិរញ្ញវត្ថុ និងក្រុមមហាសេដ្ឋី។