អាមេរិក៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលករណី ដែលគណបក្សសាធារណរដ្ឋ ព្យាយាមរក្សាទុកនូវគោលនយោបាយ ដែលត្រូវបានដាក់ឲ្យប្រើក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ (Donald Trump) ដែលអនុញ្ញាតឲ្យមន្ត្រីអាមេរិកបញ្ជូនចេញភ្លាមៗនូវជនអន្តោប្រវេសន៍រាប់សែននាក់ នៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក។

គោលនយោបាយ ដែលត្រូវបានគេស្គាល់ថា មាត្រាទី៤២ (Title 42) ត្រូវបានអនុវត្តដោយរដ្ឋបាលរបស់លោកត្រាំ កាលពីខែមីនា ឆ្នាំ២០២០ ពោលគឺនៅពេលចាប់ផ្ដើមដំបូងនៃការរាតត្បាតពីវីរុស COVID-19 ខណៈដែលជាវិធានការមួយ ដែលផ្សារភ្ជាប់ទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ។ រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) បានអនុញ្ញាតឲ្យគោលនយោបាយនេះ អស់សុពលភាព កាលពីសប្តាហ៍មុន ដោយច្បាប់រឹតបន្តឹងការសុំសិទ្ធិជ្រកកោនថ្មីចូលជាធរមាន។
បញ្ហានៅក្នុងករណីនេះ ដែលតុលាការបានយល់ព្រមបើកសវនាការ ក្នុងខែធ្នូ គឺថា តើរដ្ឋអាជ្ញារបស់គណៈបក្សសាធារណរដ្ឋនៅតាមរដ្ឋ អាចធ្វើអន្តរាគមន៍ ដើម្បីការពារគោលនយោបាយមាត្រាទី៤២ បានឬទេ បន្ទាប់ពីចៅក្រមតុលាការសហព័ន្ធប្រចាំតំបន់របស់អាមេរិក លោក Emmet Sullivan ក្នុងខែវិច្ឆិកា បានសម្រេចក្ដីចំពោះសណ្តាប់ធ្នាប់សុខភាពសាធារណៈដោយខុសច្បាប់ នៅក្នុងបណ្តឹងរបស់គ្រួសារជនអន្តោប្រវេសន៍ ដែលស្វែងរកសិទ្ធិជ្រកកោន។ តុលាការកំពូលបានបោះឆ្នោតជាមួយនឹងសំឡេង ៥ ទល់នឹង៤ កាលពីខែធ្នូ ដើម្បីរក្សាគោលនយោបាយមាត្រាទី៤២ ដោយធ្វើឲ្យការសម្រេចរបស់លោក Sullivan ត្រូវបានព្យួរ។

តុលាការកំពូលបានដកករណីនេះចេញពីប្រតិទិនជជែកដេញដោលរបស់ខ្លួន បន្ទាប់ពីក្រសួងយុត្តិធម៌បាននិយាយ កាលពីខែកុម្ភៈថា ករណីនេះនឹងក្លាយទៅជារឿងអាចលើកមកពិភាក្សាបាន ដោយសារមាត្រាទី៤២ (Title 42) នឹងផុតកំណត់តាមការប្រកាសរបស់រដ្ឋបាលលោកបៃដិន (Biden) ដែលការទទួលស្គាល់ភាពអាសន្នផ្នែកសុខភាពសាធារណៈនៃវីរុស COVID-19 នឹងបញ្ចប់នៅថ្ងៃទី១១ ខែឧសភា៕