អាមេរិក៖ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨ឧសភាថា រដ្ឋមន្ត្រីពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងជួបគ្នានៅសប្ដាហ៍ក្រោយនៅសហរដ្ឋអាមេរិក។

លោក លីវ ផេងយូ (Liu Pengyu) បានចេញសេចក្ដីប្រកាសបែបនេះ នៅក្នុងសន្ធិសីទសារព័ត៌មានជាមួយក្រុមអ្នកយកសារព័ត៌មាននៅស្ថានទូតចិន ។ លោកបាននិយាយថា ប្រទេសចិន បើកចំហទំនាក់ទំនងគ្រប់កម្រិតជាមួយសហរដ្ឋអាមេរិក មិនត្រឹមតែលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកនោះទេ។
ប្រភពមួយស្និទ្ធនឹងគម្រោងសម្រាប់ជំនួបទាំងនេះ បាននិយាយថារដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Wang Wentao នឹងជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo នៅក្នុងទីក្រុងវ៉ាស៊ីនតោនសប្ដាហ៍ក្រោយ មុនពេលធ្វើដំណើរទៅកាន់ ទីក្រុងDetroit របស់រដ្ឋ Michigan សម្រាប់កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC សម្រាប់ថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម។ លោកនឹងជួបលោកស្រី Katherine Tai អ្នកតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នៅក្រៅវេទិកាកិច្ចប្រជុំ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ដល់២៦នៅខែឧសភានេះ ។
អ្នកនាំពាក្យរបស់លោកស្រី Tai និងការិយាល័យរបស់លោក Raimondo ពុំបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយភ្លាមៗទេ៕