ភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា គ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរនៅឆ្នាំក្រោយ ដោយស្ថានីយថ្មីនេះ និងបូមទឹកឆៅផ្គត់ផ្គង់រោងចក្រនិរោធជំហាន១, និរោធជំហាន២ និងគ្រោងបន្តទៅជំហាន ៣ ក្នុងពេលជំហានបន្ទាប់។
ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងការអញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ ស្ថានីយបូមទឹកឆៅថ្មី កោះនរា របស់ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក វិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៣នេះថា ការសាងសង់ស្ថានីយបូមទឹកឆៅ មកដល់ពេល នេះ អនុវត្តបានប្រមាណជាង ៧៨ ភាគរយ, ការសិក្សានូវប្រព័ន្ធបរិក្ខា ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទ្វារទឹក ក្នុងនោះក្រុមហ៊ុនដែលទទួលសិទ្ធិក្នុងការរៀបចំ កំពុងធ្វើការបញ្ជាទិញពីក្រៅប្រទេស ដើម្បីយកមកតម្លើង ។
ឯកឧត្តម បន្តថា គម្រោងសាងសង់ស្ថានីយនេះ ចំណាយថវិកាក្នុងរង្វង់ប្រមាណ ២៨ លានដុល្លារអាម៉េរិក ក្នុងនោះបើតាមការវាយតម្លៃ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យ ដំណើរការនៅពាក់កណ្តាល ឆ្នាំក្រោយ ។
ជុំវិញគម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរានេះ ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់ថា ការបង្កើត ស្ថានីយបូមទឹកឆៅ និងរោងចក្រនៅក្នុងតំបន់នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញផ្គត់ផ្គង់ទឹកស្អាតទៅកាន់ភាគខាងត្បូង នៃរាជធានីភ្នំពេញ ក្នុងនោះប្រសិនក្រសួងមិនបានអនុវត្តតាមគម្រោងផែនការ នៃការសាងសង់រោងចក្របានត្រឹមត្រូវនោះទេ វានឹងអាចប៉ះពាល់ដល់ប្រជាជនប្រមាណជា ៤៥ ភាគរយ នៃប្រជាជនសរុបក្នុងរាជធានីភ្នំពេញ ខណៈដែលរោងចក្របាក់ខែង គឺជំរុញផ្គត់ផ្គង់ទឹកស្អាត នៅតំបន់ ប៉ែកខាងជើង និងខាងលិចក្រុងភ្នំពេញ និងនៅក្នុងតំបន់ជ្រោយចង្វារផងដែរ។
សូមបញ្ជាក់ថា ចំពោះការសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរានេះ គឺជាការដោះដូរស្ថានីយបូមទឹកចាស់នៅក្តីតាកុយ ជាមួយក្រុមហ៊ុន OCIC ដោយក្នុងនោះចំពោះការសាង់សង់គម្រោងស្ថានីយបូមទឹកឆៅថ្មីនេះ ក្រុមហ៊ុន OCIC ទទួលបានការឧបត្ថម្ភ និងគាំទ្រទាំងស្រុង ដូចជា ការផ្តល់ទីប្រឹក្សាបច្ចេកទេស, សំណង់ស៊ីវិល, អេឡិចត្រូមេកានិច និងការដាក់បំពងមេ នាំទឹកឆៅតភ្ជាប់ទៅរោងចក្រនិរោធ ដោយស្ថានីយថ្មីនេះ មានសមត្ថភាពបូមទឹកឆៅដូចគ្នា ក្នុងរង្វង់ប្រមាណពី ៣០ ទៅ ៤០ ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ៕អត្ថបទ៖ សុន រ៉ាឌី