ភ្នំពេញ៖ នៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅភ្នំពេញ នឹងកើនឡើងដល់ប្រមាណ ៣៣ម៉ឺនម៉ែត្រគូបក្នុងមួយឆ្នាំ ជាការដោះស្រាយលើបញ្ហានឹងប្រឈមនេះ អាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់មួយកន្លែងត្រូវបានសាងសង់ឡើង និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។
តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺកើនឡើងជិត ១៣ដង ដូច្នេះទាមទារឱ្យយកចិត្តទុកដាក់គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស។
នេះជាការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញខណៈដែលឯកឧត្ដម និងលោកស្រី អារីយ៉ាណា អាដេហ្ស៊ី លេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ព្រមទាំងលោក ការីម ហ្ស៊ីយ៉ាឌី សមាជិកក្រុមប្រឹក្សាភិបាលស្ថាប័នស្ប៉ាប (SIAAP) និងជាតំណាងទីក្រុងប៉ារីសតំបន់សហជីព finu អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើក ការដ្ឋានសាងសង់កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២កន្លងទៅ ដោយចំណាយថវិកាសាងសង់ប្រមាណមួយលាន មួយសែន ប្រាំបួនម៉ឺនបួនពាន់ដុល្លាអាមេរិក ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង ៣,៧លានដុល្លាអាមេរិក ដែលជាការចូលរួមពីដៃគូ រួមមានសហជីពស៉្យាប សមាគម អា.អ៊ី.អឹម.អេហ្វ ទីភ្នាក់ងារ អេ អ៊ី អេស អ៊ិន និងថវិកាបដិភាគរបស់រដ្ឋបាលរាជធានីភ្នំពេញ។ នេះជាចំណងដៃរួមគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម អា.ស៊ី.អឹម.អេហ្វ ជូនចំពោះប្រជាជនក្នុងរាជធានីភ្នំពេញ សំដៅលើកកម្ពស់អនាម័យ-បរិស្ថាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងភាពស៊ីវិល័យរបស់ប្រជាជនក្នុងទីក្រុង ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា យោងតាមការសិក្សា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ ម៉ែត្រគូបក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់។ សម្រាប់ការស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ គឺពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង និងការកើនឡើងផ្នែកជីវភាព តម្រូវការរស់នៅកាន់តែស៊ីវិល័យរបស់ប្រជាពលរដ្ឋ។
គម្រោងនេះ នឹងផ្តល់នូវអត្ថបយោជន៍សំខាន់ចំនួន ៣ រួមមាន ទី១ អត្ថប្រយោជន៍ផ្នែកបរិស្ថាន តាមរយៈការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ ទី២ អត្ថប្រយោជន៍ផ្នែកសង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅជ ជីសិរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី និងទី៣ អត្ថប្រយោជន៍ ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសិរីរាង្គដែលផលិតបានទៅក្នងទីផ្សារកសិកម្ម ឬអាចនិយាយបានថា យកសំណល់ គ្រប់គ្រងសំណល់។
ទោះយ៉ាងណាក្តី ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ណែនាំ និងផ្សព្វផ្សាយទៅប្រជាពលរដ្ឋដែលធ្វើអាជីវកម្មបូមភក់បង្គន់នៅក្នុងរាជធានីភ្នំពេញទាំងអស់ រាល់ការធ្វើអាជីវកម្មបូមភក់បង្គន់ត្រូវនាំមកចាក់នៅអាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ដើម្បីសុខមាលភាពប្រជាជន ។ បើណែនាំហើយមិនព្រមអនុវត្ត នោះរដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការរដ្ឋបាល ដោយមិនអាចឱ្យអាជីវកម្មនេះយកសំណល់ភក់បង្គន់ទៅចាក់ចោលពាសវាលពាសកាលដូចមុនទៀតទេ។
លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ក៏ដូចជាលោក ការីម ហ្ស៊ីយ៉ាឌី បានលើកឡើងថា គម្រោងនេះបានធ្វើការសិក្សា១០ឆ្នាំហើយ លើការងារប្រតិកម្មទឹកស្អាត ជាលទ្ធផលបានបើកការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ហើយនេះក៏ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ។ ក្រោយបើកសម្ពោធដាក់ឱ្យប្រើប្រាស់ ជំនាញមិនបោះបង់ចោលនោះទេ គឺនឹងបញ្ជូនអ្នកបច្ចេកទេស មកជួយដល់ស្ថានីយនេះ សំដៅធ្វើយ៉ាងណាឱ្យការងារមួយនេះទទួលបានជោគជ័យ សម្រាប់សុខមាលភាពប្រជាពលរដ្ឋ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា










