ក្រុមប្រឹក្សាយោបល់របស់អង្គការសុខភាពពិភពលោក ឬ WHO កាលពីថ្ងៃព្រហស្បតិ៍ បានណែនាំថា ការចាក់ថ្នាំបង្ការជំងឺ COVID-19 ក្នុងឆ្នាំនេះ ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីកំណត់គោលដៅមួយ ក្នុងចំណោមវីរុសបំប្លែងថ្មីប្រភេទ XBB ដែលមានឥទ្ធិពលខ្លាំងនាពេលបច្ចុប្បន្ន។

ក្រុមប្រឹក្សាយោបល់បានប្រាប់ថា រូបមន្តផ្សំថ្មីគួរតែមានបំណងផលិតការឆ្លើយតបអង់ទីគ័រ ចំពោះវីរុសបំប្លែងថ្មីប្រភេទ XBB ១.៥ ឬ XBB ១.១៦ ដោយបន្ថែមថា រូបមន្តថ្មី ឬវិធីផ្សេងៗទៀត ដែលការសម្រេចបាននូវប្រសិទ្ធភាពឆ្លើយតបអង់ទីគ័រប្រឆាំងនឹងអម្បូរ XBB ក៏អាចត្រូវបានគេពិចារណាផងដែរ។
ក្រុមនេះបានស្នើឲ្យលែងរាប់បញ្ចូលវីរុស COVID-19 ដើម នៅក្នុងវ៉ាក់សាំង នាពេលអនាគតហើយ ដោយផ្អែកលើទិន្នន័យ ដែលវីរុសដើមលែងចរាចរក្នុងខ្លួនមនុស្ស ហើយការចាក់ថ្នាំបង្ការ ដែលកំណត់គោលដៅបង្កើតបាននូវកម្រិតមិនអាចរកឃើញបាន ឬកម្រិតទាបបំផុតនៃការពង្រឹងអង់ទីគ័រប្រឆាំងនឹងក្រុមវីរុសបំប្លែងថ្មីដែលកំពុងចរាចរ នាពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុនផលិតវ៉ាក់សាំង COVID-19 ដូចជា Pfizer/BioNtech (PFE.N), Moderna Inc (MRNA.O) និង Novavax Inc (NVAX.O) កំពុងអភិវឌ្ឍវ៉ាក់សាំងរៀងៗខ្លួន ដែលផ្តោតលើវីរុសបំប្លែងថ្មីប្រភេទ XBB.១.៥ និងប្រភេទផ្សេងទៀត ដែលកំពុងចរាចរ នាពេលបច្ចុប្បន្ន។
ក្រុមប្រឹក្សាយោបល់របស់ WHO ដែលផ្តល់អនុសាសន៍ថា បើមានការផ្លាស់ប្តូរចាំបាច់ ចំពោះសមាសភាពនៃការចាក់វ៉ាក់សាំង COVID-19 នាពេលអនាគត បាននិយាយថា វ៉ាក់សាំងដែលត្រូវបានអនុម័ត នាពេលបច្ចុប្បន្ន គួរតែបន្តប្រើប្រាស់ស្របតាមការណែនាំរបស់ទីភ្នាក់ងារនេះ៕