អ៊ុយក្រែន៖ ក្រុមមន្រ្តីជាច្រើន និយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7នៅទីក្រុង Hiroshima ប្រទេសជប៉ុន នាចុងសប្តាហ៍នេះ ដែលជាការធ្វើដំណើរដ៏អង់អាចពាក់កណ្តាលផែនដីរបស់លោក ស្របពេលដែលរូបលោក ព្យាយាមប្រឹងប្រែងស្វែងរកការប្តេជ្ញាចិត្តបន្តផ្តល់អាវុធ និងជំនួយពីប្រទេសប្រជាធិបតេយ្យអ្នកមាននៅលើពិភពលោក ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តី ពុំបាននិយាយថាតើពេលណាទើបលោក Zelenskyនឹងធ្វើដំណើរមកដល់នោះទេ ដោយពួកគេសង្ឃឹមថា ការរក្សារឿងរ៉ាវលម្អិតការធ្វើដំណើររបស់លោកឲ្យនៅមិនច្បាស់លាស់បែបនេះ គឺក្នុងហេតុផលសន្តិសុខ ។

ប៉ុន្តែក្រុមមេដឹកនាំជួបជុំគ្នានៅក្នុងទីក្រុង Hiroshima ដែលរួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងសមភាគីរបស់លោកមកពីជប៉ុន កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី នឹងជជែកគ្នានៅរយៈពេល ៣ថ្ងៃបន្ទាប់ ពីទំហំទាំងអស់នៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ។ កិច្ចពិភាក្សានេះ ទំនងជារួមបញ្ចូលទាំងការជជែកគ្នាពីការពង្រឹងទណ្ឌកម្ម ការផ្តល់យន្តហោះចម្បាំង F-16 ដល់ទីក្រុងគីវ និងប្រហែលជាលទ្ធភាពនៃការចរចាលើការផ្អាកសង្រ្គាម ឬសន្ធិសញ្ញាសន្តិភាពផងដែរ ។
មកទល់នឹងពេលនេះ ពុំទាន់មានការប្រកាសជាសាធារណៈនោះទេពីផែនការរបស់លោក Zelensky ហើយសារព័ត៌មានអ៊ុយក្រែន លើកឡើងថា លោកនឹងចូលរួមកិច្ចប្រជុំមួយនេះ តាមអនឡាញ ប៉ុន្តែកាលពីសប្តាហ៍មុន លោកបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេស និងបណ្តាប្រទេសផ្សេងទៀតនៅអឺរ៉ុប ហើយឆន្ទៈរបស់លោកក្នុងការធ្វើដំណើរនៅក្រៅទីក្រុងគីវបែបនេះ គឺមានគោលបំណងចង់បញ្ជាក់ថា លោកមានជំនឿចិត្តលើស្ថិរភាពរដ្ឋាភិបាលរបស់លោក ។ គេក៏ពុំបានដឹងដែរថាតើមានការព្យាយាមរំខានពីរុស្ស៊ីឬយ៉ាង ដើម្បីជ្រៀតជ្រែកការធ្វើដំណើររបស់គាត់ ។
ក្រុមមន្រ្តីជាច្រើននិយាយថា បើសិនជាលោក Zelensky ធ្វើដំណើរមកដល់ទីក្រុង Hiroshimaពិតមែន ច្បាស់ណាស់ថា លោកនឹងជួបទល់មុខគ្នាជាមួយលោក Biden។ ក្រុមមេដឹកនាំប្រទេសឥណ្ឌា ប្រេស៊ីល និងប្រទេសផ្សេងទៀតដែលស្ទាក់ស្ទើគាំទ្រអ៊ុយក្រែន នឹងចូលរួមជំនួបនេះផងដែរ ក្នុងនាមជាអ្នកសង្កេតការ ហើយវត្តមានរបស់លោក Zelenskyនឹងបង្កការលំបាកបន្ថែមទៀតសម្រាប់ឲ្យពួកគបន្តប្រកាន់ជំហរបែបនេះ ៕



