ភ្នំពេញ ៖ ដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ គិតត្រឹមរយះពេល៦ថ្ងៃ មានប្រជាពលរដ្ឋជិត២៥ម៉ឺននាក់ បានចាក់វ៉ាក់សាំងសម្រាប់ដូសទី១។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា ចំពោះដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ទោះបីមានការលំបាក និងស្មុគស្មាញក្តី ក៏ដំណើរការនៅតែរក្សាបានភាពល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនទៅតាមផែនការ។
នាយឧត្តម សេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ក្នុងនោះ បើគិតត្រឹមថ្ងៃទី៦ ខែឧសភា ម្សិលមិញនេះ ក្រោយពីមានសម្ទុះការចាក់វ៉ាក់សាំងលឿនតាមរយះក្រុមគ្រូពេទ្យកងទ័ពបានធ្វើឱ្យចំនួនការចាក់ជូនប្រជាពលរដ្ឋបានដល់ជិត២៥ម៉ឺននាក់ ខណៈប្រជាពលរដ្ឋ សរុបនៅតំបន់ក្រហមក្នុងខណ្ឌទាំង៤ រួមមាន ពោធិ៍សែនជ័យ មានជ័យ ដង្កោ និងកំបូល មានចំនួនប្រមាណ៥២ម៉ឺននាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ជាកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះ ជាតំបន់រីករាលដាលជំងឺកូវីដ១៩ក្តី។
បន្ថែមលើសពីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏មុះមុតរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ៕
អត្ថបទ៖ សេក ឧត្តម