ឥណ្ឌា ៖ ស្ត្រីនិងកុមារ នៅក្នុងភូមិមួយ នៅជិតទីក្រុងហិរញ្ញវត្ថុប្រទេសឥណ្ឌា បានប្រើប្រាស់ធុងទឹកដើម្បីដងទឹកពីអណ្តូង មុនពេលបង្ហូរវាឆ្លងកាត់តម្រងចម្រោះទឹកចូលទៅក្នុងប៊ីដុងទឹក និងឧបករណ៍ស្តុកទឹកផ្សេងទៀត ដើម្បីយកមកលំនៅឋាន។

ទោះបីជាលំនៅឋានរបស់ពួកគេ មានចម្ងាយមិនឆ្ងាយពីទំនប់ទឹកមួយកន្លែងដែលផ្តល់ទឹកដល់ទីក្រុងក៏ដោយ អ្នកភូមិនិយាយថា ការផ្គត់ផ្គង់បានខ្វះខាតចាប់តាំងពីខែមីនា រហូតដល់ខែឧសភា ជារៀងរាល់ឆ្នាំ នៅពេលដែលសីតុណ្ហភាពអាចឡើងរហូតដល់៤០អង្សាសេ មុនពេលភ្លៀងមូសុងចូលមកដល់ក្នុងខែមិថុនា។
Ashok Shinde ដែលភូមិរបស់គាត់មានប្រជាជនរស់នៅប្រមាណ៧០០នាក់ កំពុងចិញ្ចឹមសត្វ បាននិយាយថា ទឹកទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Mumbai ដែលពួកយើងពុំមានសល់អ្វីសោះ។
រដ្ឋាភិបាលបានជំរុញឲ្យពួកយើងបង្កាត់ពូជសត្វ ប៉ុន្តែតើពួកយើងបានអ្វីឲ្យពួកវាផឹក ប្រសិនបើយើងពុំមានទឹកដើម្បីផឹកខ្លួនឯងផងនោះ។
ទំនប់ទឹក Vaitarna ដែលផ្គត់ផ្គង់ទឹកដល់ទីក្រុង Mumbai មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីភូមិ Telamwadi ប៉ុន្តែពុំបានតភ្ជាប់ទៅកាន់ភូមិនោះទេ។

ប្រទេសឥណ្ឌាមានចំណាត់ថ្នាក់ក្នុងចំណោមប្រទេសជួបបញ្ហាទឹកខ្លាំងបំផុតរបស់ពិភពលោក ដែលមានប្រមាណ៤ភាគរយនៃធនធានទឹកពិភពលោក ទោះបីជាប្រទេសនេះមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោកក៏ដោយ៕