ចិន៖ កិច្ចប្រជុំកំពូលលើកដំបូងមិនធ្លាប់មានរវាងចិន និងអាស៊ីកណ្ដាល ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ និង១៩ខែឧសភានេះនៅក្នុងទីក្រុងស៊ីអាន( Xi'an) ជាទីក្រុងមួយរបស់ប្រទេសចិនដែលត្រូវគេស្គាល់ថាជាផ្លូវសូត្រពាណិជ្ជកម្មបុរាណ។ តបតាមការញ្ជើញរបស់លោកប្រធានាធិបតីចិន Xi Jinping ប្រមុខរដ្ឋទាំង៥នៃប្រទេសនៅអាស៊ីកណ្ដាលនឹងចូលរួមកិច្ចប្រជុំកំពូលនេះ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី៨ឧសភា ថា ព្រឹត្តិការណ៍ការទូតដ៏សំខាន់លើកដំបូង ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តសាស្ត្រ នៅក្នុងយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការ និងឯកសារនយោបាយដ៏សំខាន់មួយ នឹងត្រូវចុះហត្ថលេខានៅជំនួបកំពូលនេះ ដែលនឹងបង្កើតបានជាផែនការថ្មីមួយសម្រាប់ទំនាក់ទំនងចិន អាស៊ីកណ្ដាល។
ក្រៅតែពីការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំរបស់ប្រទេស កាហ្សាក់ស្ថាន អ៊ូបេគីស្ថាន សាធារណរដ្ឋកៀហ្ស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន កំពុងបំពេញដំណើរទស្សនកិច្ចប្រទេសចិន ជាទីដែលមេដឹកនាំទាំងនោះ ជួបពិភាក្សាការងារដាច់ដោយឡែកៗជាមួយប្រធានាធិបតី Xi។
ជំនួបកំពូលរយៈពេល២ថ្ងៃ នឹងមានព្រឹត្តិការណ៍ទ្វាភាគី និង ពហុភាគីប្រមាណ២០ ។ ក្រុមមេដឹកនាំនៃបណ្ដារដ្ឋទាំងនេះ នឹងផ្លាស់ប្ដូរទស្សនទៅវិញទៅមក លើការបង្កើតយន្តការកិច្ចសហប្រតិបត្តិការថ្មី ស្ដីពីបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ ។ គេរំពឹងថា ក្រុមមេដឹកនាំទាំង៦ នឹងចុះហត្ថលេខាលើឯកសារគោលនយោបាយសំខាន់ៗមួយចំនួនក្នុងវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ស្បៀងអាហារ បម្រែបម្រួលអាកាសធាតុ និងការផ្សាភ្ជាប់ទំនាក់ទំនង៕