ភ្នំពេញ ៖ ក្នុងរយៈពេល៤ខែ កម្ពុជា បាននាំចេញផលិតផលកសិកម្ម ក្រៅពីស្រូវអង្ករ ចំនួន ២,៨ លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមរបាយការណ៍នាំចេញកសិផល របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មដោយមិនរាប់ទាំងការនាំចេញស្រូវ និងអង្ករ ប្រមាណ ១,៧លានតោននោះទេ ការនាំចេញផលិតផលកសិកម្ម មានទឹកប្រាក់សរុប ប្រមាណ ១,៥ ពាន់លានដុល្លារ។
របាយការណ៍ដដែល បញ្ជាក់ថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១ កម្ពុជាបាននាំចេញកសិផលចំនួន ៥២មុខផ្សេងទៀត ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង ៦៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ។
កសិផលសំខាន់ៗ ដែលកម្ពុជា បាននាំចេញ មានដូចជា ចំណិតដំឡូងមីក្រៀម១,១លានតោន,ដំឡូងមីស្រស់៣០ម៉ឺនតោន, ម្សៅដំឡូងមីជាង១ម៉ឺនតោន,គ្រាប់ស្វាយចន្ទីប្រមាណ៦៩ម៉ឺនតោន,ចេកស្រស់ប្រមាណ១៦ម៉ឺនតោន, ផ្លែស្វាយស្រស់ប្រមាណ១៤ម៉ឺនតោន និងម្រេចប្រមាណ២ពាន់តោន៕
អត្ថបទ ៖ វណ្ណៈ
