
ក្រុមសាក្សីនិយាយថា ការវាយប្រហារតាមច្រកអាកាស បានអង្រួនតំបន់ភាគខាងត្បូងរដ្ឋធានី Khartoum ប្រទេសស៊ូដង់ កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលការប៉ះទង្គិចគ្នាបានផ្ទុះខ្លាំងនៅជិតជំរំយោធា នៅក្នុងសង្រ្គាមមួយដែលគេមើលឃើញមនុស្សជិត ១លាននាក់ ជម្លៀសខ្លួន ហើយប្រជាពលរដ្ឋនៅក្នុងទីក្រុងមួយនេះ តស៊ូរស់នៅទាំងលំបាក ។
ក្រុមសាក្សីនិយាយថា ការវាយប្រហារតាមច្រកអាកាសដោយកងទ័ពស៊ូដង់ មានគោលដៅទៅលើកងកម្លាំងគាំទ្ររហ័ស(RSF) ត្រូវបានគេឮនៅតាមតំបន់អ្នកស្រុកជាច្រើននៅភាគខាងត្បូងទីក្រុង Khartoum រួមទាំងតំបន់ជិតជំរំទ័ព Taiba ស្របពេលដែលកងកម្លាំងនគរបាលបម្រុងឈរក្នុងជួរកងទ័ពស៊ូដង់ កំពុងធ្វើសង្រ្គាមជើងគោកជាមួយកងកម្លាំង RSF ។
កងទ័ពស៊ូដង់ ច្រើនប្រើប្រាស់កម្លាំងវាយប្រហារតាមច្រកអាកាស និងកាំភ្លើងធំធន់ធ្ងន់ ពេលដែលពួកគេព្យាយាមរុញច្រានឲ្យមានការដកថយរបស់កងកម្លាំង RSFដែលពង្រីកកម្លាំងរបស់ខ្លួននៅទូទាំងតំបន់ជាច្រើននៅក្នុងទីក្រុង Khartoum និងទីក្រុងជាប់គ្នា Bahri និងOmdurman របស់ពួកគេ ដែលស្ថិតនៅតាមដងទន្លេនីល ក្រោយសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសា កន្លងទៅ ។
លោក Salah el-Din Othman គឺជាពលដ្ឋវ័យ ៣៥ឆ្នាំមួយរូបរស់នៅក្នុងទីក្រុង Khartoum និយាយថា ការទម្លាក់គ្រាប់បែក និងការប៉ះទង្គិចគ្នា ពុំឈប់នោះទេ ហើយគ្មានផ្លូវរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកយើងនោះឡើយ ។ ប្រាក់របស់ពួកយើងសម្រាប់ចាយវាយប្រចាំថ្ងៃ ក៏អស់រលីងហើយដែរ ។
លោកបន្តថា បើសិនជាពួកយើងចាកចេញពីផ្ទះរបស់ពួកយើងម្តងទៀត ពួកយើងខ្លាចក្រែងតែក្រុមចោរមកចូលលួចអ្វីៗគ្រប់បែបយ៉ាងនៅក្នុងផ្ទះរបស់ពួកយើងទេ ។ ពួកយើងកំពុងរស់នៅក្នុងភាពភ័យខ្លាច និងភាពក្រីក្រ ៕