
ការស្ទង់មតិប្រចាំឆ្នាំពីមូលនិធិ Asian American Foundation បង្ហាញឲ្យឃើញពីផលប៉ះពាល់ ដែលកើតមានពីទម្លាប់ជាអចិន្ត្រៃយ៍ ប្រឆាំងនឹងជនជាតិអាមេរិកដើមកំណើតអាស៊ី នៅសហរដ្ឋអាមេរិក។
ការស្ទង់មតិបានរកឃើញថា ម្នាក់ក្នុងចំណោមជនជាតិអាមេរិកដើមកំណើតអាស៊ី ២នាក់ និយាយថា ពួកគេមានអារម្មណ៍ថា មិនមានសុវត្ថិភាព ក្នុងការរស់នៅសហរដ្ឋអាមេរិក។ ស្ទើរតែ៤នាក់ទៅហើយ ក្នុងចំណោម៥នាក់ ឬជិត ៨០% ប្រាប់ថា ពួកគេមិនមានអារម្មណ៍ថាខ្លួនមានចំណែកជាម្ចាស់ប្រទេស ឬត្រូវបានទទួលស្គាល់។ យុវជន និងស្ត្រីអាមេរិកដើមកំណើតអាស៊ី ដោយភាគច្រើនទំនងជាធ្លាប់ជួបប្រទះនឹងស្ថានភាពដែលថាខ្លួនឯងខុសពីគេ។
អ្នកឆ្លើយសំណួរបាននិយាយថា មូលហេតុរួមធំបំផុតនៃអារម្មណ៍ទាំងនេះ គឺការរើសអើងដោយផ្ទាល់ដោយសារតែជាតិសាសន៍របស់ខ្លួន និងការខ្វះភាពជាតំណាងពីថ្នាក់ដឹកនាំ។ ចំណែកឯ ៨៣% នៃអ្នកដែលឆ្លើយតប បានយល់ឃើញថា ប្រទេសចិនជាការគំរាមកំហែងសន្តិសុខជាតិ ៧៩% នៃអ្នកឆ្លើយតបមិនគិតថា មនុស្សដែលមានដើមកំណើតចិន រស់នៅក្នុងសហរដ្ឋអាមេរិក បានបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកនោះឡើយ។
លោក Norman Chen នាយកប្រតិបត្តិនៃមូលនិធិ Asian American Foundation បាននិយាយថា៖ «ជារឿងគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលឃើញជនជាតិអាមេរិកលើសពីម្នាក់ ក្នុងចំណោម ៤នាក់ នៅតែគិតថា ជនជាតិអាមេរិកដើមកំណើតអាស៊ី មានភាពស្មោះត្រង់ចំពោះប្រទេសកំណើតជាងសហរដ្ឋអាមេរិក។ ការយល់ច្រឡំដ៏គួរឲ្យសោកស្ដាយ និងទៀតទាត់ទាំងនេះ បំផ្លាញអារម្មណ៍នៃភាពជាម្ចាស់ និងសុវត្ថិភាពរបស់យើងជាពលរដ្ឋអាមេរិកដើមកំណើតអាស៊ី និងអ្នកកោះប៉ាស៊ីហ្វិក ឬ AAPIs»។
ការស្ទង់មតិរបស់ Asian American Foundation បានប្រមូលចម្លើយពីអ្នកឆ្លើយសំណួរចំនួន ៥.២៣៥នាក់ នៅសហរដ្ឋអាមេរិក ដែលពួកគេទាំងអស់មានអាយុលើសពី ១៦ឆ្នាំ។ ក្រុមនេះបានចាប់ផ្តើមសួរនាំពាក់ព័ន្ធនឹងអារម្មណ៍នេះជាមួយនឹងការស្ទង់មតិ ក្នុងឆ្នាំ២០២១ បន្ទាប់ពីទំនោរនៃការកើនឡើងអំពើហិង្សាប្រឆាំងនឹងជនជាតិអាមេរិកដើមកំណើតអាស៊ី និងប្រជាជនកោះប៉ាស៊ីហ្វិក។ នៅពេលនោះ ការស្ទង់មតិបានក្លាយជាខ្នាតរង្វាស់ជាតិដ៏ធំបំផុតមួយនៃការយល់ឃើញរបស់ជនជាតិអាមេរិកដើមកំណើតអាស៊ី៕