
ដោយត្រូវបានបិទអស់រយៈពេល ៣ ឆ្នាំ សណ្ឋាគារដ៏ល្បីមួយនៅទីក្រុងញូវយ៉កកំពុងត្រូវបានគេរៀបចំឡើងវិញជាមជ្ឈមណ្ឌលរៀបចំបែបបទសម្រាប់ជនអន្តោប្រវេសន៍។ សណ្ឋាគារ Roosevelt មានទីតាំងនៅកណ្តាលតំបន់ពាណិជ្ជកម្ម Manhattan ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីស្ថានីយរថភ្លើង Grand Central Terminal ។
សណ្ឋាគារនេះអាចផ្ទុកអ្នកស្រុកអតិបរិមាបានប្រហែល ៩០០នាក់។ ឥឡូវនេះវាកំពុងដំណើរការជា 'មជ្ឈមណ្ឌលសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន' ខណៈដែលទីក្រុងញូវយ៉កកំពុងតស៊ូដើម្បីដោះស្រាយបញ្ហាលំហូរជនអន្តោប្រវេសន៍ទៅកាន់ទីក្រុង។
ការខំស្វះស្វែងរកលំនៅឋាននៅទូទាំងសហរដ្ឋអាមេរិកធ្វើឡើងបន្ទាប់ពីកាលពីសប្តាហ៍ ដែលបានបញ្ចប់វិធានរឹតបន្តឹងព្រំដែនដោយសារបញ្ហាជម្ងឺកូវីដ១៩ ត្រូវបានគេស្គាល់ថាជាច្បាប់មាត្រាទី៤២ ដែលអនុញ្ញាតឱ្យក្រុមអាជ្ញាធរសហរដ្ឋអាមេរិក បណ្តេញជនអន្តោប្រវេសន៍ទៅប្រទេសម៉ិកស៊ិក ដោយមិនមានឱកាសស្វែងរកសិទ្ធិជ្រកកោនក្នុងសហរដ្ឋអាមេរិកទេ។
មនុស្សរាប់ម៉ឺននាក់បានប្រញាប់ប្រញាល់ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ មុនពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden អនុវត្តវិធានការផ្តល់សិទ្ធិជ្រកកោនថ្មីដ៏តឹងរឹងដើម្បីជំនួសច្បាប់មាត្រាទី ៤២ ។
អភិបាលក្រុងញូវយ៉កលោក Eric Adams បានអំពាវនាវឱ្យរដ្ឋបាលរបស់លោក Biden ផ្តល់មូលនិធិបន្ថែមទៀតដល់ទីក្រុងនានា។ លោក Adams បានផ្អាកច្បាប់សិទ្ធិជ្រកកោនមួយចំនួនរបស់ទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន ដោយលើកឡើងពីបញ្ហាលំបាកនៃការផ្តល់ទីស្នាក់អាស្រ័យដល់អ្នកស្វែងរកសិទ្ធិជ្រកកោន ហើយកំពុងពិចារណាប្រើប្រាស់គ្រឹះស្ថានហាត់ប្រាណនៅសាលារៀនធ្វើជាជម្រកបណ្ដោះអាសន្នសម្រាប់ពួកគេ៕