បុរសគ្មានលំនៅឋានអាយុ៤៨ឆ្នំាម្នាក់ បានបង្ហាញខ្លួននៅក្នុងតុលាការប្រទេសនូវែលហ្សេឡង់ នៅថ្ងៃសុក្រនេះ លើបទចោទប្រកាន់២ករណី នៃការបង្កអគ្គិភ័យ ខណៈនគរបាលបានរកឃើញសាកសពទី៥ នៅក្នុងសំណល់ដែលបានឆេះនៅសណ្ឋាគារក្នុងទីក្រុង Wellington ។ អណ្តាតភ្លើងបានផ្ទុះឡើងនៅជាន់ខាងលើនៃសណ្ឋាគារ នៅជាយក្រុង Newtown កាលពីព្រឹកថ្ងៃអង្គារ បណ្តាលឲ្យមានការបំផ្លាញរចនាសម្ព័ន្ធដ៏ធំ ដែលកំពុងរំខានដល់កិច្ចប្រឹងប្រែងស្តារឡើងវិញ។
អង្គភាពអគ្គិភ័យនិងសង្គ្រោះបន្ទាន់ប្រទេសនូវែលហ្សេឡង់កាលពីដើមសប្តាហ៍នេះ បានបញ្ជាក់ថា អ្នកស្លាប់មានចំនួនរហូតដល់៦នាក់ ទោះជាយ៉ាងណា អ្នកពិនិត្យលោក Dion Bennett ជាមេបញ្ជាការនគរបាលស្តីទី ប្រចាំតំបន់នៅទីក្រុង Wellington បាននិយាយថា នៅដំណាក់កាលនេះសាកសពត្រឹមតែ៥នាក់ប៉ុណ្ណោះត្រូវបានកំណត់អត្តសញ្ញាណ ហើយមនុស្សតិចជាង១០នាក់នៅបាត់ខ្លួន។
លោក Bennett បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះថា រហូតដល់យើងបានពិនិត្យពេញលេញគ្រប់ផ្នែកទាំងអស់នៃអគារ យើងនៅតែស្ទាក់ស្ទើរដើម្បីបញ្ជាក់នូវចំនួនអ្នកស្លាប់ពិតប្រាកដ។
សណ្ឋាគារនេះបានផ្តល់ទីកន្លែងស្នាក់នៅសម្រាប់ពលរដ្ឋរួមមានកម្មករសំណង់ បុគ្គលិកមន្ទីរពេទ្យ ប៉ុន្តែក៏សម្រាប់អ្នកជំងឺ អ្នកទទួលអត្ថប្រយោជន៍ពិការភាព និងអ្នកជាប់ទោសក្នុងសហគមន៍សម្រាប់បទព្រហ្មទណ្ឌកម្រិតស្រាល។
បុរសអាយុ៤៨ឆ្នំា ដែលឈ្មោះរបស់គាត់មិនត្រូវបានបង្ហាញរហូតដល់យ៉ាងហោចណាស់នៅពេលបង្ហាញខ្លួននៅតុលាការលើកក្រោយ បានចូលបង្ហាញខ្លួននៅតុលាការសហព័ន្ធតំបន់ទីក្រុង Wellington តែមួយភ្លែតនៅរសៀលថ្ងៃសុក្រនេះ។