ព្រៃវែង ៖ ទីភ្នាក់ងារសហប្រតិបត្តិការកម្ពុជាកូរ៉េ(កយកា-KOICA) រួមជាមួយសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (កាំកា-CAMKAA) និងក្រុមហ៊ុនHesed ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ, ធនាគារស៊ីនហាន, ក្រុមហ៊ុនវែរីវើដស និង ធនាគារអ៊ូរី បានរៀបចំពិធីចែកអំណោយមនុស្សធម៌នៅខេត្តព្រៃវែង, នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្ភារៈដែលត្រូវចែកជូនដល់សិស្សានុសិស្សរួមមាន៖ កង់ ចំនួន១៥០គ្រឿង មួកសុវត្ថិភាព ចំនួន៣០០ ឯកសណ្ឋានសិស្ស ចំនួន១៥០កំប្លេ សៀវភៅសរសេរ ចំនួន១០០០ក្បាល ប៊ិក ចំនួន២០០ឈុត ស្ករត្នោត ចំនួន៣០០ថង់ និងថ្នាំពេទ្យ។ កម្មវិធីចែកអំណោយនេះត្រូវបានធ្វើឡើងដោយសារការចូលរួម និងការរួមចំណែកពីក្រុមហ៊ុនកូរ៉េ ដែលរស់នៅក្នុងប្រទេសកម្ពុជា ដូចជា៖ ក្រុមហ៊ុនHesed ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ធនាគារស៊ីនហាន ក្រុមហ៊ុនវែរីវើដស៍និង ធនាគារអ៊ូរី។ បន្ទាប់ពីពិធីចែកអំណោយ ក្រុមវេជ្ជបណ្ឌិតរបស់ កយកា-KOICA ដោយមានជំនួយពីក្រុមសុខសប្បាយ ដែលមានសមាសភាពមកពីអ្នកស្ម័គ្រចិត្ត កយកា និងសមាជិកកាំកា បានផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺជូនអ្នកជំងឺប្រមាណ ៣០០នាក់ នៅអនុវិទ្យាល័យតាកោ ផងដែរ។ លើសពីនេះ ក្រុមសុខសប្បាយ រួមជាមួយលោកគ្រូ អ្នកគ្រូ នៅខេត្តព្រៃវែង បានផ្តល់ការអប់រំសុខភាពមួយចំនួន ស្តីពីសុខភាព និងអនាម័យ ដល់សិស្សានុសិស្ស ដើម្បីរក្សាបាននូវទម្លាប់អនាម័យល្អទម្លាប់ទាំងនេះអាចជួយការពារការរាលដាលនៃជំងឺ និងរក្សាសុខភាពបុគ្គល។
ឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការី (កាំកា) បានមានប្រសាសន៍ថា គោលបំណងចម្បងនៃការចែកអំណោយថ្ងៃនេះគឺចូលរួមចែករំលែកការលំបាករបស់មាតា បិតាសិស្ស ជាពិសេសលើកទឹកចិត្តឱ្យក្មួយៗសិស្សានុសិស្សឱ្យខិតខំព្យាយាមតស៊ូរៀនសូត្រមានចំណេះដឹងភ្លឺស្វាង និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។
លោកជំទាវ ហ៊ន សុធារី អភិបាលរងខេត្តព្រៃវែង បានថ្លែងអំណរគុណចំពោះ កយកា និងអ្នកចូលរួមទាំងអស់ដែលបានរៀបចំពិធីចែកអំណោយសកម្មភាពសង្គមក្នុងខេត្តព្រៃវែង។ លោកជំទាវ ទន្ទឹងរង់ចាំធ្វើការជាមួយ កយកា ជាលើកទី២ និងលើកទី៣ នៃពិធីចែកអំណោយសកម្មភាពសង្គម" នាពេលខាងមុខជាបន្តបន្ទាប់ទៀត។ ដើម្បីជាការតបស្នងចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ម្ចាស់អំណោយ ក៏ដូចជាអ្នកផ្តួចផ្តើម ឱ្យមានពិធីនេះឡើង លោកជំទាវ ក៏សូមសំណូមពរដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ សូមខិតខំប្រឹងប្រែងរៀន សូត្រឱ្យបានពូកែគ្រប់ៗគ្នា ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ ប្រទេសជាតិ នាពេលអនាគត។នាឱកាសនោះ លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)ប្រចំាប្រទេសកម្ពុជា មានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះគឺផ្អែកលើភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងចំណោម កយកា-កាំកា និងវិស័យឯកជន កម្មវិធីនេះអាចប្រព្រឹត្តទៅបានតែដោយសារការរួមចំណែកដ៏សប្បុរសពីសំណាក់ក្រុមហ៊ុនកូរ៉េដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ខណៈដែលការិយាល័យកយកា-KOICAប្រចាំប្រទេសកម្ពុជា ទើបតែជួយរៀបចំ ដើម្បីនាំមកនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់តួអង្គពាក់ព័ន្ឋ។
កយកា-KOICA នឹងបន្តគាំទ្ររដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីធ្វើឲ្យប្រទេសនេះកាន់តែមានសោភ័ណភាព និងកន្លែងរស់នៅកាន់តែប្រសើរឡើង។លោកសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីថ្ងៃនេះនឹងនាំយើងឲ្យខិតទៅជិតអនាគតដែលយើងប្រាថ្នាចង់បាន៕ ដោយ ៖ រដ្ឋា















