ភ្នំពេញ ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ថ្លែងឲ្យដឹងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនគ្រីសអេនើជី (KrisEnergy) នឹងនាំចេញប្រេងឆៅ ទៅទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំសំណុំបែបបទ ដើម្បីសុំគោលការណ៍នៃការនាំចេញ។ ការនាំចេញប្រេងឆៅនេះ ស្របពេលដែលបរិមាណបូមប្រេងឆៅ របស់ក្រុមហ៊ុនទាបជាងការរំពឹងទុក។
ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការផលិតកម្មបូមប្រេងនៅលើអណ្តូងទាំង៥ កន្លែង ដោយផលិតកម្មប្រចាំថ្ងៃ ក្នុងរង្វង់ ២ពាន់ប៉ារ៉ែលក្នុងមួយថ្ងៃ ។
ឯកឧត្តម បានបន្តឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន KrisEnergy បានកំពុងរៀបចំសំណុំបែបបទ ដើម្បីសុំគោលការណ៍សម្រាប់នាំចេញប្រេងឆៅយកទៅលក់នៅលើទីផ្សារអន្តរជាតិ។ ក្នុងរយៈពេលជាង ៤ ខែ កន្លងមកនេះ ក្រុមហ៊ុនទទួលបានប្រេងឆៅរាប់សែនប៉ារ៉ែល ដែលជាទំហំមួយសមស្របនឹងការនាំចេញ។
ចំណែកផែនការបូមប្រេងឆៅទាបជាងបរិមាណរំពឹងទុក របស់ក្រុមហ៊ុន KrisEnergy ឯកឧត្តម ជៀប សួរ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការពិចារណា ខណៈដែលក្រុមហ៊ុនកំពុងជួបបញ្ហាថវិកាដើមទុន ជាមួយក្រុមហ៊ុនធំៗ ដែលជាដៃគូរ រួមជាមួយម្ចាស់បំណុលផ្សេងៗទៀត។
ឯកឧត្តម បានបន្តថា ចំពោះកាតព្វកិច្ចក្នុងការអនុវត្តគម្រោងនេះ រាជរដ្ឋាភិបាលនឹងសង្កេតមើលតាមលក្ខខណ្ឌផ្សេងៗ នៅក្នុងកិច្ចព្រមព្រៀងដែលក្រុមហ៊ុនត្រូវបំពេញ ប្រសិនបើក្រុមហ៊ុនមិនបំពេញតាមប្រការណាមួយ កម្ពុជានឹងអនុវត្តតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនតែម្តង។
សូមបញ្ជាក់ថា កម្ពុជាបានទទួលដំណាក់ប្រេងលើកដំបូងកាលពីចុងខែធ្នូ ឆ្នាំ២០២០ ក្លាយជាប្រទេសបូមប្រេង មួយនៅក្នុងពិភពលោក។ ក្រុមហ៊ុន KrisEnergy មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ទទួលបានសិទ្ធសម្បទានវិនិយោគបូមប្រេងឆៅក្នុងប្លុកA ក្នុងដែនសមុទ្រកម្ពុជា។ តាមការគ្រោងទុក ក្រុមហ៊ុនអាចបូមប្រេងឆៅ ចេញពីអណ្តូងទាំង៥អណ្តូង ក្នុងបរិមាណពី ៧ ០០០ ទៅ ៧ ៥០០ បារ៉ែល ក្នុងមួយថ្ងៃ។
ការនាំចេញប្រេងឆៅទៅលក់នៅទីផ្សារបរទេសនេះ គឺដោយសារ កម្ពុជា មិនមានរោងចក្រចម្រាញ់ ប្រេងឆៅ ក្នុងស្រុក។ ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញ និងទាក់ទាញការវិនិយោគលើគម្រោងវិនិយោគរោងចក្រប្រេងឆៅក្នុងស្រុក ដើម្បីចូលរួមចំណែកផ្តល់ចំណូលពន្ធផង និងផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី
