
ទីក្រុងហ្សេរុយសាឡឹម ពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់ បានគ្រវីទង់ជាតិ Star of David ពេលពួកគេដង្ហែក្បួនទៅកាន់តំបន់ Old City ស្ថិតក្នុងទីក្រុងហ្សេរុយសាឡឹម ដែលជាផ្នែកមួយនៃព្យុហយាត្រាដ៏ចម្រូងចម្រាស់ ធ្វើឡើងស្របពេលកើតមានភាពតាន តឹងនៅក្នុងតំបន់ ។
ក្រុមអ្នកដង្ហែក្បួនព្យុហយាត្រាមួយចំនួន ដែលខ្លះមានកាន់ទង់ជាតិអង្គការជ្រុលនិយម បានប្រើពាក្យប្រមាថជាតិសាសន៍លើក្រុមអ្នកសារព័ត៌មាន និងស្រែកពាក្យស្លោកប្រឆាំងជនមូស្លីម ពេលដែលព្យុហយាត្រា Flag March ចាប់ផ្តើម ។
ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើននៃអ្នកចូលរួមពិធីដង្ហែព្យុហយាត្រានេះ មានសភាពស្ងប់ស្ងាត់ទេ ដោយពួកគេគ្រាន់តែច្រៀង គ្រវីទង់ជាតិ ហើយជួនកាលនាំគ្នារាំតែប៉ុណ្ណោះ ។
ប៉ុន្តែអ្នកចូលរួមខ្លះទៀត បានចោលដុំថ្ម ដបទឹក និងវត្ថុរឹងផ្សេងទៀតទៅលើក្រុមអ្នកសារព័ត៌មាននៅទីលានធ្វើសន្និសីទសារព័ត៌មាន ជិតច្រក Damascus Gate ស្របពេលដែលចំនួនអ្នកចូលរួមព្យុហយាត្រាកើនឡើងកាន់តែច្រើននៅពេលរសៀលថ្ងៃព្រហស្បតិ៍ ។
នគរបាលអ៊ីស្រាអែល និយាយថា មនុស្ស ២នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើហិង្សាមកលើក្រុមអ្នកសារព័ត៌មាន គឺជាមនុស្សពេញវ័យម្នាក់ និងអនីតិជនម្នាក់ ខណៈដែលមនុស្សផ្សេងទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេត ។
ព្យុហយាត្រានេះដែរ គឺជាការរំឭកដល់ទិវារហ្សេរុយសាឡឹម ជាពេលដែលអ៊ីស្រាអែលអបអរសាទរការដណ្តើមបានតំបន់ហ្សេរុយសាឡឹមខាងកើតពីហ្សកដានី កាលពីអំឡុងសង្គ្រាមឆ្នាំ ១៩៦៧ ៕
