ព្រះសីហនុ ៖ គណៈប្រតិភូក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារ ដឹកនាំដោយឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យដំណើរការ ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅភូមិឬទ្ធី២ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
នាឱកាសចុះពិនិត្យដំណើរការការងារខាងលើនេះ អមដំណើរដោយប្រធានប្រតិភូ រួមមាន ៖ ឯកឧត្តម ឈុំ វណ្ណារឹទ្ធ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, ឯកឧត្តម សន សុផល អគ្គនាយកស្តារនីតិសម្បទារ នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារ, ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល, ឯកឧត្តម គង់ វិតាណៈ អភិបាលរងខេត្ត ព្រះសីហនុ, លោកវេជ្ជបណ្ឌិត លីក គីមហ៊ួរ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រះសីហនុ, លោកវេជ្ជបណ្ឌិត ឈឹត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន។
លោក កែវ វាសនា ប្រធានមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ បានជម្រាបជូនអង្គប្រជុំថា មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ បានសាងសង់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ និងសម្ភោធដាក់អោយដំណើរការជាផ្លូវការ នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២។ ក្នុងបរិវេណនៃមជ្ឈមណ្ឌលជាតិនេះមាន មណ្ឌលសុខភាព ហ៊ុនសែន សន្តិភាព មានភារកិច្ចផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ។ មណ្ឌលសុខភាពនេះមានបុគ្គលិកសរុប ០៨នាក់ (ប្រុស០៥នាក់ និងស្រី០៣នាក់) ក្នុងនោះមាន វេជ្ជបណ្ឌិត ០១នាក់ និងគិលានុប្បដ្ឋាក ០៧នាក់ ។ ក្នុងមជ្ឈមណ្ឌលជាតិនេះមានបុគ្គលិកសរុប ៥៤នាក់ ក្របខណ្ឌ ៣៥នាក់ (ស្រី៧នាក់) និងមន្ត្រីកិច្ចសន្យា១៩នាក់ (ស្រី៥នាក់) ។ សរុបអ្នកញៀនគ្រឿងញៀនកំពុងទទួលការព្យាបាល និងស្នាក់នៅបច្ចុប្បន្នចំនួន ៤៦០នាក់ (ប្រុស៤៣៦នាក់ និងស្រី២៤នាក់) ។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានថ្លែងថា ការចុះពិនិត្យដំណើរការការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅមជ្ឈមណ្ឌលជាតិនេះ ក្នុងគោលបំណងពង្រឹងកិច្ចសហការ និងការងារសម្របសម្រួលក្នុងការលើកកម្ពស់ការងារផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ អោយកាន់តែប្រសើឡើង ។ គ្រឿងញៀន បានបង្កបញ្ហាជាច្រើនដល់សង្គមជាតិ ក្រៅពីសន្តិសុខ និងសុវត្ថិភាពសង្គម។ ការប្រើប្រាស់គ្រឿងញៀន បានក្លាយទៅជាបញ្ហាសុខភាពសាធារណៈថ្មីមួយទៀត ដែលសកលលោកកំពុងយកចិត្តទុកដាក់ និងបានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ រីឯ ភាពញៀនគ្រឿងញៀន ក៏ជាបញ្ហាសុខភាពដ៏រ៉ាំរ៉ៃ ដែលការព្យាបាលមានភាពស៊ាំញ៉ាំ ហើយជាទូទៅក្រោយការព្យាបាលអ្នកញៀនគ្រឿងញៀន តែងតែមានការលាប់ទៅប្រើគ្រឿងញៀនឡើងវិញជាច្រើនដង មុននឹងឈានទៅទទួលបានការឈប់ប្រើគ្រឿងញៀនជាស្ថាពរ។
ឯកឧត្តម បណ្ឌិត បានសង្កត់ធ្ងន់ថា រហូតមកដល់ពេលនេះ ការព្យាបាលអ្នកញៀនគ្រឿងញៀននៅប្រទេសកម្ពុជាមានលក្ខណៈចម្រុះ ដោយប្រើវិធីសាស្រ្តខុសៗគ្នា ហើយកន្លងមកក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការផ្តល់ការបណ្តុះបណ្តាលស្តីពីការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដល់មន្រ្តីសុខាភិបាល និងមន្រ្តីសង្គមកិច្ច ដែលបម្រើការនៅមជ្ឈមណ្ឌលជាតិ នេះរួចហើយ។ តាមរយៈការបណ្តុះបណ្តាលនាពេលនោះ បានផ្តល់នូវចំណេះដឹងថ្មីបន្ថែម ទាំងមន្រ្តីសុខាភិបាល និងមន្រ្តីសង្គមកិច្ច ដើម្បីគាំទ្រដល់ការផ្តល់សេវាឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពឡើង ដែលនឹងនាំឱ្យយើងឈានទៅរកវិធីសាស្រ្តគម្រូមួយ មានលក្ខណៈជាឧត្តមនានុវត្តន៍សម្រាប់ប្រទេសកម្ពុជា (Best practice) ដើម្បីឱ្យសក្តិសមនឹងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស័្មគ្រចិត្ត និងផ្អែកលើសហគមន៍។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ទៀតថា ដោយមានការយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រពី ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនិតិសម្បទាអ្នកញៀនគ្រឿងញៀន ដំណើរការព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស័្មគ្រចិត្ត និងផ្អែកលើសហគមន៍ ក្នុងមជ្ឈមណ្ឌលជាតិនេះ ប្រព្រឹត្តទៅបានល្អប្រសើរ ដោយភាពទទួលខុសត្រូវ។ ក្រសួងសុខាភិបាល តាមរយៈ អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ដែលមាននាយកដ្ឋាន សុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ជាសេនាធិការ នឹងបន្តផ្តល់ការគាំទ្របច្ចេកទេសតាមរយៈការបណ្តុះបណ្តាល និងចុះត្រួតពិនិត្យបច្ចេកទេសជាទៀងទាត់ តាមរយៈការអភិបាលជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពនៃការព្យាបាលអ្នកញៀនគ្រឿងញៀនដល់មន្ត្រីសុខាភិបាល ដែលបម្រើការក្នុងមជ្ឈមណ្ឌលនេះ ឱ្យមានសមត្ថភាពកាន់តែប្រសើរឡើង។ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ នឹងទទួលបានការគាំទ្រពី ឯកឧត្តមគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីទទួលបាននូវចំនួនបុគ្គលិកថែមទៀត និងថវិកាសម្រាប់គាំទ្រដល់ដំណើរការផងដែរ ។ ចំណែកមន្ទីរសុខាភិបាល ត្រូវរៀបចំធ្វើផែនការឱសថ បរិក្ខារ និងតេស្តពិនិត្យទឹកនោមរកសារធាតុញៀនទៅតាមតម្រូវការជាក់ស្តែង និងស្នើសុំបណ្តុះបណ្តាលដល់បុគ្គលិកថ្មី។ ទោះបីជាយ៉ាងនេះក្តី ក៏យើងនៅមានផ្លូវដ៏វែងឆ្ងាយទៀតដែលត្រូវដើរ ដោយឆ្លងកាត់នូវការប្រឈមជាច្រើន ដែលត្រូវរួមគ្នាដោះស្រាយ រួមមានបញ្ហាធនធានមនុស្ស បញ្ហាថវិកា និងការធានាគុណភាពនៃសេវា ដែលជាកត្តាសំខាន់ក្នុងការកំណត់ឱ្យបាននូវស្តង់ដារនៃសេវា ប្រកបដោយប្រសិទ្ធពល ៕ ដោយ ៖ រដ្ឋា















អត្ថបទ រដ្ឋា/ រូប៖ ឯ.ឧ កែរ រដ្ឋា 19-05-2023. សូមអរគុណច្រើន