ភ្នំពេញ ៖ រាជរដ្ឋាភិបាលអំពាវនាវសុំឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ រក្សានូវភាពនឹងនរ ស្ងប់ស្ងាត់ ថែរ ក្សានូវសុខសន្តិភាពដែលកម្ពុជារកបានដោយលំបាក ហើយសូមកុំចូលរួមតាមការអំពាវនាវញុះញង់រប ស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដែលបានប្រកាសប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សខ្លួននៅទូទាំងប្រទេស ដើម្បីតស៊ូមតិលើករណីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធមិនចុះបញ្ជីគណបក្សនិងបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលចេញ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់បន្ថែមថា ការអំពាវនាវញុះញង់របស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ គឺជាទង្វើដ៏ល្ងង់ខ្លៅ និងគ្មានការទទួលខុសត្រូវរបស់មេដឹកនាំគណបក្សភ្លើងទៀន ដែលជាផែនការបង្កប់នូវចេតនាទុច្ចរិតបង្កើតឧបសគ្គរារាំងដល់ការបោះឆ្នោត ដោយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល និងព្យាយាមបង្កើតស្ថានភាពចលាចល និងអស្ថិរភាពក្នុងសង្គម ពិសេសក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
សេចក្ដីប្រកាសព័ត៌មានដដែលក៏បានឱ្យដឹងដែរថា សាលក្រមកាត់ក្តីផ្តន្ទាទោសជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស គឺអនុវត្តស្របតាមច្បាប់និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ដែលជាការពង្រឹងនីតិរដ្ឋនៅកម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ។ រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា តាមរយៈការឃុបឃិតគ្នាជាមួយបរទេស ក្នុងគោលបំណងជ្រៀ តជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឬប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនាំដល់ការបំផ្លិចបំផ្លាញសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា៕ ដោយ៖ គង់ ឌិន
