ភ្នំពេញ ៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានរៀបចំពិធីជួបជុំអតីត និស្សិតខ្មែរដែលបានទៅសិក្សានៅប្រទេសបារាំង ឬទទួលបានសញ្ញាប័ត្រពីគ្រឹះស្ថានឧត្តមសិក្សាបារាំងជាងបួនរយនាក់ ខណៈការរៀបចំកម្មវិធីនេះឡើងក្នុងក្របខណ្ឌនៃទិវា France Alumni លើកទី១ ដែលផ្តួចផ្តើមគំនិតដោយលោកស្រី កាតឺរីន កូឡូណា រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង។
កម្មវិធីជួបជុំដែលរៀបចំនៅស្ថានទូតបារាំងនៅពេលនេះ ទទួលបានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសប្រមាណ៤៥០នាក់ ក្នុងនោះមានឥស្សរជនជាន់ខ្ពស់ជាច្រើន រួមទាំងរដ្ឋមន្ត្រីផងដែរ ដែលសុទ្ធសឹងជាអតីតនិស្សិតដែលធ្លាប់បានសិក្សានៅប្រទេសបារាំង ឬទទួលសញ្ញាប័ត្រពីគ្រឹះស្ថានឧត្តមសិក្សាបារាំង។ ហើយកម្មវិធីនេះ ក៏ជាឱកាសដើម្បីអបអរនិស្សិតកម្ពុជា៣១២នាក់ ដែលទទួលបានសញ្ញាប័ត្របារាំងកាលពីឆ្នាំ២០២២បន្ទាប់ពីបានសិក្សានៅប្រទេសបារាំង ឬនៅតាមថ្នាក់ពិសេសនៃគ្រឹះស្ថានសិក្សាប្រើប្រាស់ភាសាបារាំងនៅកម្ពុជាផងដែរ។
ថ្លែងនៅក្នុងកម្មវិធីនោះ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានរំលឹកអំពីភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យនៃប្រទេសបារាំង និងប្រទេសកម្ពុជា។ បន្ថែមលើកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្តជាច្រើនរវាងវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ(IRD) មជ្ឈមណ្ឌល CIRAD និងសកលវិទ្យាល័យនានារបស់កម្ពុជា បច្ចុប្បន្ននៅប្រទេសកម្ពុជា និស្សិតអាចទទួលបានសញ្ញាប័ត្រពីគ្រឹះស្ថានឧត្តមសិក្សាបារាំងនៅលើជំនាញជាច្រើនតាមរយៈការបណ្តុះបណ្តាល់ជាភាសាបារាំងនៅតាមសាកលវិទ្យាល័យកម្ពុជាចំនួន៤ គឺសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
លោកឯកអគ្គរដ្ឋទូតបានបន្តទៀតថា គ្រូពេទ្យកម្ពុជាជាច្រើនរូបដែលបានបំពេញកម្មសិក្សានៅតាមមន្ទីរពេទ្យបារាំង និងនិស្សិតអាហារូបករណ៍រដ្ឋាភិបាលបារាំង និងនិស្សិតអាហារូបករណ៍សហហិរញ្ញប្បទានផ្តល់ដោយគ្រឹះស្ថានសិក្សាកម្ពុជា ក៏មានវត្តមានក្នុងឱកាសខាងលើផងដែរ។ លោកឯកអគ្គរដ្ឋទូតបារាំងបានស្វាគមន៍និស្សិតទាំងនេះឱ្យចូលរួមក្នុងបណ្តាញអតីតនិស្សិតកម្ពុជាមកពីបារាំង (France Alumni Cambodge) និងបានថ្លែងអំណរគុណដៃគូកម្ពុជាចំពោះទំនាក់ទំនងទ្វេភាគីប្រកបដោយគុណភាព៕ អត្ថបទ ៖ បាន ចក់


















