ភ្នំពេញ ៖ ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះបានយាងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំបក្សនៅខេត្តសៀមរាបជាង១៥០នាក់ និងប្រកាសតែងតាំងលោក សាយ ហាក់ ជាប្រធានក្រុមការងារបោះឆ្នោតខេត្តសៀមរាបផងដែរ។
មានបន្ទូលនៅក្នុងឱកាសនោះ ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ បានអំពាវនាវដល់សហជីវិន-សហ ជីវនីទាំងអស់ត្រូវចេះសាមគ្គីគ្នា និងស្រលាញ់គ្នា ដោយត្រូវខិតខំធ្វើយ៉ាងណារិះរកយុទ្ធសាស្រ្តដើម្បីឲ្យប្រជានុរាស្រ្តគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ និងដើម្បីស្រង់កេរ្តិ៍ឈ្មោះគណបក្សហ៊្វុនស៊ិនប៉ិចឲ្យមានសំ ឡេងគាំទ្រក្នុងរដ្ឋសភាឡើងវិញផងដែរ។
ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ក៏បានមានបន្ទូលរំលឹកដល់ថ្នាក់ដឹកនាំគណបក្ស នៅ ខេត្តសៀមរាបផងដែរថា គណបក្សហ៊្វុនស៊ិនប៉ិចគឺកើតចេញពីស្នាព្រហស្ថអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ដូច្នេះទាំងអស់គ្នាត្រូវតែរក្សាកេរ្តិ៍តំណែលគណបក្សនេះឲ្យបានក្នុងនាមយើងស្រលាញ់ព្រះអង្គ ធ្លាប់ដង្ហែតាមព្រះអង្គ និងស្រលាញ់របបរាជានិយមនោះ។
ក្រោយប្រកាសតែងតាំងជាផ្លូវការពីព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ លោក សាយ ហាក់ ជាប្រធាន ក្រុមការងារបោះឆ្នោតខេត្តសៀមរាប បានធ្វើការសច្ចាប្រណិធានថា លោកសូមសន្យា និងប្តេជ្ញាចិត្តអស់ពី កម្លាំងកាយដង្ហែតាមព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ជារៀតរហូត និងខិតខំប្រឹងប្រែងសាមគ្គីភាព ដើម្បី ស្វែងរកសំឡេងឆ្នោតជូនគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងឱកាសបោះឆ្នោតជាតិលើកទី៧ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ៕ ដោយ ៖ បាន ចក់







