
លោក Luis Cresencio Sandoval គឺជារដ្ឋមន្រ្តីក្រសួងការពារជាតិម៉ិកស៊ិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនអន្តោប្រវេសន៍ ៤៩នាក់ មកពីប្រទេសហុងឌុយរ៉ាស់ ហៃទី វេណេស៊ុយអេឡា អែល សាវ៉ាឌ័រ ប្រេស៊ីល និងគុយបា ដែលត្រូវបានចាប់ជម្រិតចេញពីរថយន្តក្រុងនៅភាគកណ្តាលប្រទេសម៉ិកស៊ិក ត្រូវបានរកឃើញវិញហើយ ។
លោក Sandoval និយាយថា ជនអន្តោប្រវេសន៍ទាំងអស់នេះ ត្រូវបានរកឃើញនៅតាមក្រុមជាច្រើននៅរដ្ឋភាគកណ្តាល San Luis Potosi ហើយនិងរដ្ឋជិតគ្នាភាគខាងជើង Nuevo Leon ដែលរួមទាំងការរកឃើញមនុស្សប្រហែល ៣០នាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។
សមាជិកកងកម្លាំងប្រដាប់អាវុធម៉ិកស៊ិករាប់រយនាក់ បានចូលរួមប្រតិបត្តិការរុករក ហើយលោក Sandoval និយាយថា ពួកគេកំពុងរកមើលជនអន្តោប្រវេសន៍សេសសល់បន្ថែមទៀត ក៏ដូចជាអ្នកបើកបររថយន្តក្រុង។ រថយន្តក្រុងនេះ អាចផ្ទុកមនុស្សសរុបប្រហែល ៥០នាក់ ។
លោក Sandoval បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អ្នកបើកបរដែលពួកយើងកំពុងស្វែងរក ពួកគេគឺជាក្តីកង្វល់សំខាន់របស់ពួកយើង ។
លោកថា ជនអន្តោប្រវេសន៍មួយចំនួននិយាយប្រាប់ក្រុមអាជ្ញាធរថា សមាជិកក្រុមឧក្រិដ្ឋកម្ម បានឡើងលើរថយន្តក្រុង ក្រោយពេលពួកគេហៅឈប់នៅស្ថានីយ៍ហ្គាស ៕
