ព្រៃវែង៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំមេសប្រចាន់ ក្នុងស្រុកពារាំង បន្តសាងសង់ផ្លូវបេតុងក្នុងភូមិមេសប្រចាន់លើ ដើម្បីជួយសម្រួលការដឹកជញ្ជូនដំណាំកសិកម្មរបស់កសិករ និងផលលំបាកអំឡុងរដូវវស្សាខាងមុខ។
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម តេង ប៊ុនថុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិមេសប្រចាន់លើ និងលោក ថាន់ ចាន់ណាសមាជិកបានដឹកនាំក្រុមការងារគណបក្ស សហការជាមួយអាជ្ញាធរមូលដ្ឋានសាងសង់ផ្លូវមួយខ្សែបន្ថែម ប្រវែង៣០០ម៉ែត្រ ដែលជាគម្រោងមួយក្នុងចំណោម៨ខ្សែ ស្មើនឹង៥គីឡូម៉ែត្រត្រូវសាងសង់ជូនប្រជាពលរដ្ឋទៅតាមសំណូមពរ និងតម្រូវការចាំបាច់។
ឯកឧត្តម តេង ប៊ុនថុន ថ្លែងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធជាសរសៃឈាមសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ ដោយសារកំណើននៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលអាស្រ័យលើកសិកម្ម ពិតណាស់ ផ្លូវថ្នល់ជាកត្តាចំបងសម្រួលដល់ការដឹកជញ្ជូនគ្រប់ដំណាំកសិកម្មផ្សេងៗ។
ឯកឧត្តម បន្តថា បន្ទាប់ពីផ្លូវបេតុងនេះ សាងសង់រួចរាល់នឹងធ្វើឲ្យការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋកាន់តែលឿនជាងមុន ខណៈខេត្តព្រវែងប្រជាកសិករភាគច្រើនអាស្រ័យផលលើដំណាំស្រូវ។
ឯកឧត្តម បញ្ជាក់ថា ផ្លូវបេតុងនេះនឹងជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលតែងជួបប្រទះអំឡុងរដូវវស្សា ដែលធ្វើឲ្យខាតពេលវេលា និងការចំណាយលើការធ្វើដំណើរជាដើម។
ឯកឧត្តម បន្ថែមថា ក្រៅពីការជួយសាងសង់ផ្លូវបេតុង ក្រុមការងារគណបក្សភូមិ បានជួយដល់ការកែលម្អរវត្តអារាម និងជួសជុលរបងសាលាបឋមសិក្សាមេសប្រចាន់លើផងដែរ៕ ដោយ ÷ ឧត្តម









