
សាកសពមនុស្ស ៣នាក់ ដែលជាជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់យន្តហោះក្នុងព្រៃនៅប្រទេសកូឡុំប៊ី ត្រូវបានរកឃើញដោយក្រុមអាជ្ញាធរកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលជោគវាសនារបស់ក្មេងៗ ៤នាក់ដែលកំពុងបាត់ខ្លួន គេនៅពុំទាន់ដឹងច្បាស់នោះទេ ។
សាកសពដែលត្រូវបានរកឃើញគឺជាពីឡុត Hernan Murcia ពីឡុត Herman Mendoza និងអ្នកស្រី Magdalena Mucutuyដែលជាម្តាយរបស់ក្មេងៗ ៤នាក់ដែលកំពុងបាត់ខ្លួន ។
សាកសពមនុស្ស ត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ១៦ ខែឧសភាមកម្ល៉េះ ប៉ុន្តែដោយសារតែទីតាំងសាកសពរបស់ពួកគេស្ថិតនៅកន្លែងដែលពិបាកចូលដល់ ហើយស្ថានភាពអាកាសធាតុពុំអំណោយផង បានធ្វើឲ្យពន្យាពេលប្រតិបត្តិការជួយសង្រ្គោះ ។
គួរឲ្យដឹងថា យន្តហោះ Cessna 206 បានដឹកមនុស្ស ៧នាក់នៅតាមផ្លូវចន្លោះខេត្ត Araracuara ស្ថិតក្នុងតំបន់ព្រៃអាម៉ាហ្សូន និងទីក្រុង San Jose del Guaviare ស្ថិតក្នុងខេត្ត Guaviare ពេលវាចេញសញ្ញាអាសន្ន ដោយសារខូចម៉ាស៊ីន នៅព្រឹកថ្ងៃទី ១ ខែឧសភា ។
ព័ត៌មានដំបូងពីក្រុមអាជ្ញាធរអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ក្មេងដែលមានអាយុ ១៣ឆ្នាំ ៩ឆ្នាំ និង ៤ឆ្នាំ ក៏ដូចជាទារកអាយុ ១១ខែ បានរត់គេចចេញពីយន្តហោះ ហើយនិងធ្វើដំណើរកាត់ព្រៃដើម្បីស្វែងរកជំនួយ ៕